កំពង់ឆ្នាំង ៖លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ ផ្លាកឈ្មោះផ្លូវ និងសំណង់សិល្បការ ចំនួន ០២ គម្រោង ស្ថិតនៅក្នុងស្រុកបរិបូរណ៌ និងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការចុះពិនិត្យដើម្បីធ្វើការប្រគល់-ទទួល ១០០ ភាគរយ សមិទ្ធផលដែលបានសាងសង់រួចនាពេលនេះរួមមានពីរគម្រោង ៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០២ខ្សែ ប្រវែងសរុប ៦ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ ម៉ែត្រ និងសាងសង់លូប្រអប់មុខមួយចំនួន ០៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិត្រពាំងពោធិ៍ និងភូមិសេះស្លាប់ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ៩ ៣៣០ ម៉ែត្រទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ម ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន០៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិកងមាស និងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឧិកាសចុះត្រួតពិនិត្យផ្លូវនោះលោករដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុនបានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានស្តារឡើងវិញ ជួសជុល និងស្ថាបនា នូវហេដ្ឋារចនាសម្ព័ន្ធជនបទនានា រួមមាន ផ្លូវ ស្ពាន លូគ្រប់ប្រភេទ និងសំណង់សិល្បការ នៅតាមតំបន់ជនបទ តាមរយៈ ការប្រើប្រាស់នូវថវិកាជាតិដើម្បីផ្តល់ និងបង្ខិតឲ្យជិតប្រជាជនជនបទ នូវសេវាសាធារណៈនានា និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ជាក់ស្តែង ផ្លូវ លូ និងផ្លាកឈ្មោះផ្លូវ ដែលបានស្ថាបនារួចនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងទេសចរជាតិ និងអន្តរជាតិ ការដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារ និងទីប្រជុំជនលើកស្ទួយកម្រិតជីវភាពរស់ និងអភិវឌ្ឍន៍តំបន់នេះឲ្យកាន់តែប្រសើរឡើង។ បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស គុណភាព និងសោភ័ណភាពរួចមក គណៈកម្មការអន្តរក្រសួង ក៏បានសម្រេចឯកភាពក្នុងការប្រគល់ ទទួល ១០០ ភាគរយ គម្រោងទាំងពីរនេះ៕