ភ្នំពេញ៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំនិង ១៨ឆ្នាំ វគ្គផ្តាច់ព្រ័ត្ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រព្រឹត្តិទៅនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុនសែលកាត។
កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាតក្នុងការជួយអភិវឌ្ឍ ក៏ដូចជាស្វែងរកនូវកីឡាករដែលមានទេពកោសល្យនៅក្នុងស្រុកដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួន។
ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថា សែលកាតតែងចូលរួមជួយគាំទ្រដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាំងតែពីដើមរៀងមកដោយក្នុងនោះក្រុមហ៊ុនបានចូលរួមសហការដើម្បីស្វែងរកកីឡាករដែលមានទេពកោសល្យល្អៗ ក៏ដូចជាចូលរួមលើកទឹកចិត្តដល់យុវជននៅទូទាំងប្រទេសឱ្យប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅដែលសកម្ម ដើម្បីជាប្រយោជន៍ដល់ផ្នែកសុខភាពរបស់ពួកគេផងដែរ។
គំនិតផ្តួចផ្តើម ដែលរៀបចំឡើងនៅទូទាំងប្រទេសនេះបានដំណើរការអស់រយៈពេល ៣ឆ្នាំមកហើយហើយបច្ចុប្បន្ននេះ យើងនៅតែបន្តជួយលើកកម្ពស់មោទនភាពជាតិ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដល់យុវជនខ្មែរ និងសហគមន៍មូលដ្ឋាន។
យើងសង្ឃឹមថា នឹងបានឃើញប្រទេសកម្ពុជាទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមហើយទន្ទឹមនឹងនោះ យើងក៏នៅតែប្តេជ្ញាចិត្តចូលរួមគាំទ្រដល់បុព្វហេតុនេះ ដោយឥតរាថយនោះឡើយ” ។
ក្រុមបាល់ទាត់យុវជនដែលបានចូលរួមនៅក្នុងការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅនេះ គឺមានក្រុម U16 របស់ខេត្តបន្ទាយមានជ័យដែលក្រុមនេះបានទទួលជ័យជម្នះលើក្រុម U16 របស់ខេត្តឧត្តរមានជ័យពោលគឺដណ្តើមបាននូវតំណែងចំណាត់ថ្នាក់លេខ ៣ ។
សម្រាប់ជ័យជម្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ គឺបានទៅលើក្រុមវិសាខា អេហ្វស៊ីបន្ទាប់ពីពួកគេបានផ្តួលក្រុម នគររាជ អេហ្វេស៊ីNorkor Reach FC ដើម្បីក្លាយជាជើងឯកប្រចាំឆ្នាំ ២០២០។
រីឯការប្រកួតផ្តាច់ព្រ័ត្រយុវជនអាយុក្រោម ១៨ឆ្នាំវិញ ក្រុមខេត្តស្ទឹងត្រែងបានទទួលចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបានយកឈ្នះលើក្រុមខេត្តក្រចេះ។
សម្រាប់ព្រឹត្តិការណ៍សំខាន់ក្លឹបភ្នំពេញក្រោនត្រូវជួបជាមួយនឹងក្រុមវិសាខានៅក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផលចុងក្រោយ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានទទួលជ័យជម្នះ និងក្លាយជាម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ។
បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រត្រូវបានបញ្ចប់ទៅពិធីបិទការប្រកួត ក៏ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ភ្ញៀវកិត្តិយសដើម្បីថ្លែងអំណរគុណ ក៏ដូចជាសម្តែងនូវការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ ដែលបានចូលរួមនៅក្នុងកម្មវិធី។
ការប្រកួតផ្តាច់ព្រ័ត្រទាំងអស់ត្រូវបានផ្សាយផ្ទាល់ ទាំងនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនសែលកាតនិងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ទន្ទឹមនឹងនោះ អ្នកគាំទ្រក៏អាចទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ យុវជនអាយុក្រោម ១៨ឆ្នាំ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័នផងដែរ៕