ដើម្បីជាការលើកទឹកចិត្តដល់អ្នកចិញ្ចឹមបង្គាថ្មីៗនេះ លោក អេង ជាសាង ប្រតិភូរាជរដ្ឋាភិបាលប្រធានរដ្ឋបាលជលផល និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមបង្គា ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមរយៈការចុះពិនិត្យទៅដល់កសិដ្ឋានចិញ្ចឹមបង្គាខេត្តព្រះសីហនុ បានបង្ហាញឱ្យឃើញពីវិសាលភាព និងការជីកជាស្រះចិញ្ចឹមបង្គាទៅតាមបច្ចេកទេស ហើយទទួលប្រមូលផលបានបង្គាចំនួន ២៧តោន ពីផ្ទៃទឹកចិញ្ចឹមបង្គា ប្រមាណ ១៥ហិកតា ដោយការចិញ្ចឹមតាមបែបធម្មជាតិ និងការផ្តល់ចំណីកន្ទួតដ៏តិចតួចបំផុត ។
តាមរយៈការបង្ហោះហ្វេសបុករបស់រដ្ឋបាលជលផល បានឱ្យដឹងទៀតថា តម្លៃបង្គាក្នុងទីផ្សារលក់បានថ្លៃ ២៧០០០រៀល ក្នុងមួយគីឡូក្រាម ដោយក្នុងផ្ទៃដីមួយហិកតា អាចដាក់កូនបង្គាចិញ្ចឹមបាន ២០ម៉ឺនក្បាល និងអាចទទួលបានផលបង្គា ក្នុងរយៈពេល ០៣ខែ បន្ទាប់ពីដាក់កូនបង្គាចិញ្ចឹម ។ជាទិសដៅ កសិដ្ឋាននេះគម្រោងពង្រីកការចិញ្ចឹមបង្គារហូតដល់ ១៥០ហិកតា នាពេលខាងមុខ ។