បន្ទាប់ពីបានដំណើរការអស់រយៈពេល ២ពេញ អង្គវិបស្សនា គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ ២០២១-២០៣០ ក្រោមប្រធានបទ ” បញ្ហា ប្រឈម និងកាលានុវត្តភាព ” ” ចក្ខុវិស័យ គោលនយោបាយ និងយុទ្ធសាស្ត្រ ” និង “កម្មវិធីអាទិភាព ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានប្រារព្ធពិធីបិទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារកំពតថ្មី ទីរួមខេត្តកំពត។
ឯកឧត្ដម សុខ សារាវុឌ្ឍ រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃអង្គវិបស្សនាថា៖ប្រធានបទសំខាន់ៗចំនួន ៣ ដែលអង្គវិបស្សនាបានលើកយកមកពិភាក្សារួមមាន៖បញ្ហាប្រឈម និងកាលានុវត្តភាពអភិវឌ្ឍន៍ជនបទ ចក្ខុវិស័យគោលនយោបាយ និងយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទ និងកម្មវិធីអាទិភាពសម្រាប់ការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២១-២០៣០ ។
ដើម្បីសមរេចឲ្យបាននូវចក្ខុវិស័យវែងឆ្ងាយ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំតាក់តែងឯកសារសេចក្ដីព្រាងគោលនយោបាយនេះ ដោយផ្ដោតទៅលើវិស័យសំខាន់ៗរួមមាន៖អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ អភិវឌ្ឍន៍ធនធាន និងកែលម្អលក្ខខណ្ឌរស់នៅជនបទ អភិវឌ្ឍន៍សហគមន៍ជនបទ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងអភិវឌ្ឍន៍គោលនយោបាយ និងពង្រឹងអភិបាលកិច្ច។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនបានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារបច្ចេកទេសនិងលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងាររៀបគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ការខិតខំប្រឹងប្រែងប្រមូលផ្តពុទ្ធិបញ្ញា និងកម្លាំងកាយចិត្ត ក្នុងការតាក់តែងឯកសារសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ និងបានរៀបចំការពិនិត្យពិភាក្សាលម្អិតនិងស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់ ដល់ការធ្វើដំណើរ កាត់បន្ថយចំណាយបង្កើនការតភ្ជាប់រវាងតំបន់ជនបទ និងទីប្រជុំជន ក៏ដូចបង្កើសក្តានុពល អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថាបច្ចុប្បន្នផ្លូវ ជនបទគ្របដណ្តប់ប្រមាណ ៧៤% នៃបណ្តាញផ្លូវទូទាំងប្រទេស ហើយគិតត្រឹមឆ្នាំ២០១៩ អត្រគ្របដណ្តប់ទឹកស្អាត និងអនាម័យត្រូវប៉ាន់ស្មានថា មានប្រមាណ ៦៥% និង៨០%នៅទូទាំងប្រទេស ។ចំណែកការងារការកសាងសហគមន៍ជនបទ ទទួលបានលទ្ធផលគួរៀកត់សម្គាល់ ទោះជាយើងទទួលបានថវិកាតិចតួចតាមរយៈកម្មវិធីអភិវឌ្ឍចំរុះ សម្រាប់សហគមជនបទដោយផ្តោតលើសន្តិសុខស្បៀងតំបន់ជនបទ និងការអនុវត្តគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រី បានបញ្ជាក់ថា៖ឯកសារសេចក្តីព្រាង ដែលបានធ្វើបទបង្ហាញនៅក្នុងអង្គវិប្បសនារាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍជនបទ នៅតែបន្តជួបប្រទះនូវបញ្ហា និងការប្រឈមជាច្រើន ដែលទាមទារឲ្យមានការដោះស្រាយ ប្រកបដោយចក្ខុវិស័យ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីត្រឹមត្រូវ ច្បាស់លាស់ជាក់ស្តែង ព្រមទាំងដឹកនាំគ្រប់គ្រងនិងប្រតិបត្តិបកបដោយស័កសិទ្ធិភាព ប្រសិទ្ធភាព ផលិតភាព័ណេយ្យភាព និងតម្លាភា។
មនុស្សផ្លូវទឹកភ្លើងនៅតែជាវិស័យអាទិភាពយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣គឺជាគោលដៅចម្បងទីមួយនៃគោលដៅអភិវឌ្ឍដោយចីរភាពនិងចក្ខុវិស័យកម្ពុជា ២០៣០ ហេតុនេះគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ២០២១-២០៣០ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាព្រោះគោលនយោបាយនេះនឹងមិនត្រឹមតែរួមចំណែកក្នុងការបញ្ចប់ភាពក្រីក្រនឹងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ប៉ុណ្ណោះទេថែមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទផងដែរ។
គោលបំណងសំខាន់នៃការរៀបចំគោលនយោបាយនេះគឺដើម្បីឱ្យរាជរដ្ឋាភិបាលពិសេសក្រសួងអភិវឌ្ឍន៍ជនបទនិងបណ្តាក្រសួងស្ថាប័នទាំងអស់ដែលមានសមត្ថកិច្ចក្នុងការការងារអភិវឌ្ឍន៍ជនបទមានឧបករណ៍ក៏ដូចជាជាត្រីវិស័យជាមូលដ្ឋានក្នុងការអភិវឌ្ឍតំបន់ជនបទនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់បានបង្ហាញនូវទស្សនៈឆ្លុះបញ្ចាំងតាមរយៈលទ្ធផលដែលបានឃើញនិងជាភស្តុតាងជាក់ស្តែងនៅចំពោះមុខក្នុងស្មារតីសាមគ្គីភាព ទាំងក្នុងក្រុមការងារតូចក៏ដូចជាក្រុមការងារធំក្នុងកម្រិតនាយកដ្ឋាន។
ការរៀបចំតាក់តែងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០៣០ នៅតែបន្តដើម្បីប្រមូលធាតុចូលបន្ថែមទៀតធានាទាំងគុណភាព និងគាំទ្រពីក្រសួង ស្ថាប័ន និងអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀតស្របតាមបញ្ញាញាណ និងមហិច្ឆតាជាតិប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេស មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕