លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទអមដំណើរដោយលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារដែលមានជីវភាពខ្វះខាតបណ្តាលមកពីរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នាថ្ងៃ ២២ តុលា ។
អំណោយទាំងនោះក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម មី១កេស ធុងជ័រចំណុះ២០លីត្រចំនួន១ ពីដុង ចំណុះ២០លីត្រចំនួន១ថ្នាំក្លរសម្រាប់ដាក់ទឹកប្រើប្រាស់ សាប៊ូប្រូតិចចំនួន២ដុំ និងសាប៊ូម្សៅ២កញ្ចប់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីនិងប្រតិភូរួមដំណើរក៏បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង២៣០០ម៉ែត្រ អណ្តូងទឹក បង្គន់អនាម័យដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ដោយឡែកផ្លូវក្រាលក្រួសក្រហមប្រវែង២៣០០ម៉ែត្រដែលខូចលោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីបានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដាក់បញ្ចូលទៅក្នុងគម្រោងជួសជុលបន្ទាន់ដើម្បីធ្វើការជួសជុលក្នុងពេលឆាប់ៗខាងមុខនេះ៕