ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរួមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមការងារ បច្ចេកទេស ចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១១២០០ម៉ែត្រ ដែលខូចខាតទាំងស្រុងដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០និងស្ពានអូសារ៉ាយប្រវែង ៣០ម៉ែត្រ បាក់ស្រុតដោយសារជំនន់ទឹកភ្លៀង។ផ្លូវនេះមានទីតាំងតភ្ជាប់ពីវត្តត្នោតជុំត្រង់ចំណុចភូមិត្នោតជុំទៅដល់ភូមិដំណាក់ថ្លុង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្នុងគម្រោងជួសជុលបន្ទាន់មានប្រវែង ១៣៧០០ម៉ែត្រ ស្ថិតនៅក្នុងឃុំពពេល ឃុំជាងទង និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណិ្ឌតសភាចារ្យ អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងបានចាប់ផ្តើមស្រកជាបណ្ថើរៗហើយបានបន្សល់ទុកនូវការខូចខាត ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ស្ពានជាដើម។ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងអនុវត្តយុទ្ធសាស្ត្រពីរសំខាន់ៗ។ទី១ ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចរណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ។ ទី២ ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព៕