ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ភូមិ​ដំណាក់​សង្កែ និង​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ភូមិ​ដំណាក់​សង្កែ និង​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​!

នា​ព្រឹក ថ្ងៃអាទិត្យ ទី​០៤ ខែមិថុនា ឆ្នាំ​២០២៣ នៅ​បរិវេណ​វត្ត​កែវ​មុនី សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង ភូមិ​ព្រែក​រទាំង និង​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក ជុំ ឈាង ប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់ ព្រមទាំង​ឯកឧត្តម លោក លោកស្រី ក្រុមការងារ​អមដំណើរ គណៈកម្មាធិការ​គណបក្ស​សង្កាត់ គណៈ​សាខា​បក្ស​ភូមិ​សរុប​រួម​មាន​ចំនួន ៩១៦​នាក់​។

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង ការគិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច តេ​ជោ ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ​ប្រកប​ដោយ​សុខសន្តិភាព​និង​ជោគជ័យ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ថ្មីៗ​នេះ​កម្ពុជា​ទាំងមូល មាន​មោទកៈភាព​ខ្លាំង​បំផុត ដែល​សម្តេច​បាន​ដឹកនាំ​ប្រជុំ​កំពូល​អាស៊ាន ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង បាន​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ដែល​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ ស៊ី​ហ្គេម​៦៤​ឆ្នាំ ទទួលបាន​ការភ្ញាក់ផ្អើល​និង​ការកោតសរសើរ​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កក្រើក​ពិភពលោក និង​កំពុង​ដំណើរការ​នូវ​ការប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រកបដោយ​មោទកភាព​។ ដូច្នេះ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើងទាំងអស់គ្នា គឺ​ត្រូវ​ចងចាំ​ជានិច្ច​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច តេ​ជោ ហ៊ុន សែន ដែល​សម្តេច ធ្លាប់បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន ស្វែងរក​ការសង្គ្រោះ​ជាតិ រហូត​បាន​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត​ដ៏​ឃោរឃៅ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​សម្តេច​តេជោ ជា​ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជា​មគ្គុទ្ទេសក៍​ឯក ដែល​បាន នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ​។ សម្តេច​ជា​មេដឹកនាំ​ដ៏​ឆ្នើម ដែល​បាន​ដឹកនាំ​កម្ពុជា ឲ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត នូវ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សម្តេច​តេជោ បាន​ដាក់ចេញ​នូវ​វិធានការ អន្តរាគមន៍​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​កូវី​ដ​-១៩ បាន​ស្តារ​នូវ ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី យ៉ាង​ឆាប់រហ័ស សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពី​ថ្ងៃ​៧​មករា ១៩៧៩ ។

​ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​ខោអាវ​កីឡា យក​ទៅ​ចែកជូន​ដល់​កុមារ​ចាប់ពី​អាយុ​០២​ឆ្នាំ រហូតដល់ សិស្ស​និស្សិត​ដែល​កំពុង​សិក្សា គ្រប់​ក្រុម​គ្រួសារ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សរុប​ចំនួន ២,៥៤៤​កំប្លេ និង​ឧបត្ថម្ភ​បាល់​ចំនួន ៦០​គ្រាប់ សម្រាប់​បង្ក​បរិយាកាស ដល់​កុមារ​ក្នុងភូមិ​នីមួយៗ​លេង​កំសាន្ត​សប្បាយ​។ ជាមួយគ្នា​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​ចែក​អាវយឺត និង​មួក គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់​ក្នុង​សង្កាត់​ទាំងមូល​ចំនួន ៦,៦៥៩​កំប្លេ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​លោកតា​-​លោកយាយ កម្លាំង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទាំងអស់គ្នា​។​

​បន្ទាប់ពី​ចប់​កម្មវិធី​សំណេះសំណាល ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត កែវ​មុនី និង​បាន​បន្ត​ចុះ​ទៅ​សាកសួរ​សុខទុក្ខ លោក ញ៉ែម សុផេន ជា​អនុប្រធាន​ភូមិ​ព្រែកកំពឹស ដែល​មាន​ជំងឺ​គាប​សរសៃ​ខួរក្បាល ទើបតែ​ចេញពី​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា មក​បន្ត​សម្រាក​ព្យាបាល​នៅផ្ទះ ដោយ​ភ្ជាប់​ជាមួយ ថវិកា និង​ភេសជ្ជៈ​ចម្រុះ ជា​អំណោយ​សួរសុខទុក្ខ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com