សត្វកន្ធាយជាប្រភេទសត្វដែលរដ្ឋហាមឃាត់ ក៏ដោយសារកន្ធាយនេះជិតផុតពូជទៅហើយ។ក្នុងឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានការផុលផុសចិញ្ចឹមសត្វកន្ធាយនេះច្រើនតម្រូវបានតែទីផ្សារក្នុងស្រុកហើយកន្លែងចិញ្ចឹមកន្ធាយនោះក៏មានធ្វើការបង្កាត់ពូជលក់បន្តទៅអ្នកដែលចង់ចិញ្ចឹមកន្ធាយថែមទៀតផងដែរ។
បទពិសោធន៍លើការចិញ្ចឹមកន្ធាយ១០ឆ្នាំជាប់គ្នារបស់លោក ម៉ា ទីណេ អ្នកចិញ្ចឹមកន្ធាយរាប់ម៉ឺនកូនធំជាងគេក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឲ្យដឹងតាមរយៈទូរស័ព្ទថាក្នុងការចិញ្ចឹមកន្ធាយពូជតៃវ៉ាន់នេះធ្លាប់ទទួលបាននូវបរាជ័យរួចមកហើយលើការចិញ្ចឹមនេះក៏ដោយសារកត្តាពុំធ្លាប់ចិញ្ចឹម បច្ចេកទេសដឹកជញ្ជូននិងបទពិសោធន៍ក្នុងពេលថែទាំកូនកន្ធាយទម្រាំវាធំ។
ចំណែកភាពជោគជ័យវិញទទួលបានការសិក្សាពីក្រៅផងនិងរៀនស្រាវជ្រាវខ្លួនឯងផងនៅពេលមានបញ្ហាទប់ស្កាត់លើការថែបំប៉នកន្ធាយនៅតូចៗទម្រាំវាធំបញ្ចេញនៅលើទីផ្សារ។
លោក ម៉ា ទីណេ អ្នកចិញ្ចឹមកន្ធាយនាពេលបច្ចុប្បន្នមានចំនួនច្រើនជាងគេរហូតដល់បរិមាណចំនួន១លានកូនដែលក្នុងចំណោមនោះមានអ្នកចិញ្ចឹមខ្លះបានតែបរិមា៣ម៉ឺនកូនតែប៉ុណ្ណោះ។របៀបចិញ្ចឹមកន្ធាយក្នុងសហគមន៍លោក ម៉ា ទីណេ បន្តថាកន្លែងលោកមានពូជបង្កាត់កន្ធាយបើមានបងប្អូនណាចង់ចិញ្ចឹមកន្ធាយនោះលោកមានកូនសម្រាប់លក់ក្នុងសហគមន៍ហើយនៅពេលដែលកន្ធាយធំត្រូវបញ្ចេញលក់ក៏មិនខ្វល់ខ្វាយពិបាករកទៅទីផ្សារនោះឡើយបងប្អូនយើងអាចលក់បានមកកន្លែងគាត់ជាអ្នកប្រមូលទិញផ្ទាល់តែម្តងក្នុងតម្លៃ១គីឡូក្រាមស្មើនឹង១០ដុល្លារ។
លោក ម៉ា ទីណេបន្តទៀតថាការចិញ្ចឹមកន្ធាយត្រូវចំណាយចំណីឲ្យវាស៊ីក្នុងចំនួនកូន១ម៉ឺនអស់៣ទៅ៤គីឡូក្រាមពេលវានៅតូចលុះដល់៥ខែហើយត្រូវចំណាយចំណីវាក្នុងបរិមាណដដែលដល់៥០គីឡូក្រាមរហូតដល់ធំល្មមចាប់ត្រូវចំណាយ៨០គីឡូក្រាម។
ម្ចាស់កន្ធាយរូបនេះផ្តាំផ្ញើទៀតថា បើយើងធ្វើការចាប់កន្ធាយព្រៃជាអាហារជាការបំផ្លាញដល់បរិស្ថានដែលរដ្ឋកំពុងហាមឃាត់ទប់ស្កាត់នឹងជិតផុតពូជទៅហើយនោះផងដោយឲ្យកសិករយើងងាកមកចិញ្ចឹមកន្ធាយក្នុងស្រុកឲ្យបានច្រើនពីព្រោះការចិញ្ចឹមនេះផ្គត់ផ្គង់ក្នុងស្រុកមិនគ្រប់គ្រាន់ផងហើយការចិញ្ចឹមកន្ធាយនេះស្របច្បាប់ព្រមទាំងជួយរកទីផ្សារក្នុងស្រុកថែមទៀតផង៕