ទាន់ហេតុការណ៍
0

​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ២០២០ បាន​បន្ត​ផ្តល់​ពេលវេលា​បន្ថែម​សម្រាប់​ការចុះឈ្មោះ​ចូល​រួម​ប្រកួត​

​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ២០២០ បាន​បន្ត​ផ្តល់​ពេលវេលា​បន្ថែម​សម្រាប់​ការចុះឈ្មោះ​ចូល​រួម​ប្រកួត​

ភ្នំពេញ​៖ ២៧ វិច្ឆិកា ២០២០ ៖ ថ្ងៃនេះ​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​បាន​បើក​ដំណើរការ​កន្លែង​ចុះ​ឈ្មោះ​ថ្មី​មួយទៀត​នៅ​ឯ​ការិយាល័យ​កណ្តាល​សែ​ល​កាត​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​លើកទឹកចិត្ត​ដល់​សិល្បករ​គំនូរ​ថ្មីៗ​ឱ្យមក​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡង​ប្រចាំ​ឆ្នាំ​លើក​ទី ៣​នេះ​។​

​ការបើក​ដំណើរការ​កន្លែង​ចុះឈ្មោះ​ថ្មី​នេះ ត្រូវបាន​បើកសម្ពោធ​រួមជាមួយ​នឹង​ការសម្តែង​គូស​គំនូរ​ឌីជីថល​ផ្ទាល់​នៅឯ​ការិយាល័យ​កណ្តាល​សែ​ល​កាត​។ ការសម្តែង​នេះ​មាន​វត្តមាន​ចូលរួម​ដោយ​លោក ប៊ុន​ឡេង Influencer របស់​ក្រុមហ៊ុន​សែ​ល​កាត​សិស្ស​និស្សិត​មក​ពី​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​សិល្បករ​គំនូរ​ខ្មែរ​ដ៏​ល្បីឈ្មោះ​លោក​នូ​សារី​ដែល​រូបគាត់​បាន​ចូលរួម​ស្វែងយល់ ក៏ដូចជា​ទទួលយក​នូវ​បទពិសោធន៍​នៃ​ការ​គូស​គំនូរ​ឌីជីថល​ផ្ទាល់​ជា​លើក​ដំបូង​ផង​ដែរ ។​

​ការប្រកាស​នូវ​ការបើក​ដំណើរការ​កន្លែង​ចុះឈ្មោះ​ថ្មី​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ស្របគ្នា​នឹង​ការពន្យារ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ចូលរួម​ប្រឡង ពោល​គឺ​នឹង​បន្ត​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ខែ​កុម្ភៈ​ឆ្នាំ ២០២១​។​កម្មវិធី​ប្រឡង​នេះ ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​មាន​ការចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ច្រើន​ជាង​កម្មវិធី​ប្រឡង​កន្លងទៅ​ហើយ​ទន្ទឹមនឹងនោះ ពេលវេលា​ផ្តល់ជូន​បន្ថែម​នេះ នឹង​ញុំាងឱ្យមាន​ការរៀប​ចំ​សកម្មភាព​និងក​ម្ម​វិធី​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត បាន​កាន់តែ​ផុសផុល​ផងដែរ​។
​សិល្បករ​ដែល​ជាប់​ជ័យលាភី​នឹង​ទទួលបាន​នូវ​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន ដោយ​ក្នុង​នោះ​មានដូចជា កិច្ចសន្យា​ការងារ និង​ឱកាស​នៃ​ការចូលរួម​ជាមួយ​គម្រោង​អន្តរជាតិ​ជា​ដើម​។​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ២០២០ ត្រូវ​បាន​ចែកចេញ​ជា ៣ ប្រភេទ​សម្រាប់​សិល្បករ​ចូលរួម​ប្រកួត ដោយ​ក្នុង​នោះ​មានដូចជា គំនូរ​លើ​ផ្ទាំង​ក្រណាត់ គំនូរ​ឌីជីថល​និង​គំនូរ​តាម​ដងផ្លូវ​។

​លោក ថូ​នី ហ្វ្រង់​ស៊ីស (Tony Francis)​ជា​ម្ចាស់​ក្រុមហ៊ុន និង​ជា​ស្ថាបនិក​Kbach Arts​បាន​មានប្រសាសន៍ថា​ការផ្តល់​ពេលវេលា​បន្ថែម​នេះ​គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​សិល្បករ​ឱ្យបាន​កាន់តែ​ច្រើន​មក​ចូលរួម​ក៏ដូចជា​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​ពួកគាត់​ដើម្បី​ដាក់ពាក្យ​ប្រកួត ។​

​គួរ​រំលឹក​ផងដែរ កម្មវិធី​ប្រកួត​ប្រចាំ​ឆ្នាំ​លើក​ទី ៣ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​នេះ ត្រូវបាន​ចាប់ផ្តើម​ប្រកាស​ឡើង​កាលពី​ខែ​កញ្ញា​ឆ្នាំ ២០២០​កន្លង​ទៅ​ដោយ​ក្នុង​នោះ​កម្មវិធី​ក៏បាន​នាំយក​នូវ​គំនូរ​ប្រភេទ​ឌីជីថល​ថ្មី​ដើម្បី​អនុញ្ញាត​ឱ្យ​សិល្បករ​យើង​នៅ​ទូទាំង​ប្រទេស បាន​ចូលរួម​ដើម្បី​បញ្ចេញ​ស្នាដៃ​ផងដែរ​។​ក្រុមហ៊ុន​សែ​ល​កាត​សង្ឃឹម​ថា​គំនូរ​ប្រភេទ​ឌីជីថល​ថ្មី​នេះ នឹង​អាចជួយ​ជម្រុញ​យុវវ័យ​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ស្វែងរក​ឃើញ​នូវ​មធ្យោបាយ​ថ្មីៗ​ដើម្បី​ពង្រឹង​នូវ​ទេពកោសល្យ​ច្នៃប្រឌិត​និង​ចាប់យក​អាជីព​ដ៏​ប្រសើរ​មួយ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគេ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com