ភ្នំពេញ៖ ២៥ វិច្ឆិកា ២០២០ ៖ វណ្ណដាដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូបតំណាងឱ្យក្រុមហ៊ុនសែលកាត។ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ“Time to Rise” របស់តារាចម្រៀងរ៉េបអាយុ ២៣ ឆ្នាំរូបនេះដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការក្នុងការជម្រុញនិងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជាដើម្បីចែករំលែកទៅកាន់ពិភពលោក។ វណ្ណដា ព្យាយាមលើកស្ទួយ និងនាំយកកម្មវិធីថ្មីៗ ក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុនសែលកាត រួមជាមួយនឹងសមាជិកក្រុមដែលពោរពេញទៅដោយទេពកោសល្យរបស់ខ្មែរ ដែលកំពុងតែមានសន្ទុះនៃភាពរីកចម្រើនយ៉ាងខ្លាំង ។
ការផ្លាស់ប្តូររបស់ វណ្ណដា មកសហការជាមួយក្រុមហ៊ុនសែលកាតនេះ កាន់តែសបញ្ជាក់ឱ្យឃើញច្បាស់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិស័យតន្ត្រីដែលសិល្បកររបស់យើង ត្រូវស្វះស្វែងរកនូវមធ្យោបាយតាមអនឡាញថ្មីៗដើម្បីរក្សាការទំនាក់ទំនងនិងចែកចាយបទចម្រៀងថ្មីៗទៅកាន់អ្នកគាំទ្ររបស់ពួកគាត់ ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែកាត បានថ្លែងឱ្យដឹងថាភាពជំនាញផ្នែកឌីជីថលរបស់សែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពរបស់ជាតិខ្មែរ និងមានកម្មសិទ្ធិ១០០% ជាជនជាតិខ្មែរ នឹងញុំាងឱ្យក្រុមហ៊ុនក្លាយជាដៃគូដ៏សក្តិសមបំផុតសម្រាប់ វណ្ណដា ដែលកំពុងតែខិតខំជម្រុញឱ្យអាជីពរបស់គាត់កាន់តែរីកចម្រើនទៅមុខថែមទៀត ។
លោក វ៉ាតសុនបានមានប្រសាសន៍បន្តទៀតថា៖“យើងបានទទួលស្វាគមន៍សិល្បករ ដែលមានទេពកោសល្យពូកែៗកាន់តែច្រើនឡើងៗឱ្យមកចូលរួមជាមួយគ្រួសារសែលកាតនិងរ៉ូយ៉ាល់គ្រុបរបស់យើង ។ ការចូលរួមនេះ នឹងនាំពួកយើងទៅកាន់ទំព័រថ្មីមួយទៀត ដែលជាការផ្តល់នូវថ្នាលដល់សិល្បៈករក្នុងស្រុកដែលមានទេពកោសល្យល្អៗក្នុងការអភិវឌ្ឍខ្លួនជាមួយពួកយើង” ។ “ពួកយើងពិតជារីករាយបំផុត ដែលបាន វណ្ណដា ចូលរួមជាមួយសែលកាតហើយទន្ទឹមនឹងនោះ ពួកយើងក៏កំពុងទន្ទឹងរង់ចាំក្នុងការស្វែងរកនូវឱកាសថ្មីៗដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដ៏ធំនៃយុវជនពោលគឺជាសហគមន៍មួយដែលពួកយើងកំពុងតែចងភ្ជាប់ទំនាក់ទំនងជាមួយនិងជួយកសាងឱ្យកាន់តែរីកចម្រើនទៅមុខ” ។ “ដោយមិនត្រឹមតែជាសិល្បករ ដែលមានទេពកោសល្យលេចធ្លោបំផុតម្នាក់នោះទេ វណ្ណដា ក៏ជាអ្នកតស៊ូដ៏មោះមុត និងជាម្ចាស់ជើងឯកនៃមោទកភាពជាតិរបស់ខ្មែរ ដើម្បីភាពរីកចម្រើននៃវប្បធម៌យុវជនកម្ពុជា” ។
គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ កិច្ចព្រមព្រៀងរបស់វណ្ណដាក្នុងនាមជាទូតសុឆន្ទៈនេះគឺជាផ្នែកមួយនៃគម្រោងដ៏ធំរវាងក្រុមហ៊ុនសែលកាតនិងផលិតកម្មបារមី។ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍនិង បណ្តុះបណ្តាលវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែស៊ីជម្រៅពោលគឺផ្តល់នូវលក្ខខណ្ឌស្មើភាពគ្នា និងឱកាសឱ្យបានយ៉ាងសមស្របបំផុតដល់សិល្បកររបស់យើង ។
កញ្ញា ម៉ម ឡូរ៉ា ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ផលិតកម្មបារមីបានមានប្រសាសន៍ថាវណ្ណដាតែងតែគិតគូរជានិច្ចក្នុងការតបស្នងទៅកាន់សហគមន៍និងប្រជាជាតិរបស់គាត់វិញហើយទន្ទឹមនឹងនោះ គាត់ក៏ជាអ្នកគាំទ្រដ៏សកម្មម្នាក់ក្នុងការចូលរួមការងារផ្នែកសប្បុរសធម៌និងគម្រោងផ្តួចផ្តើមជាច្រើនទៀត ដោយក្នុងនោះរួមមានការប្រើអាល់ប៊ុមថ្មីរបស់គាត់ $ KULL ក្នុងការស្វែងរកថវិការសំរាប់គ្រួសារខ្សត់ខ្សោយ ។ មូលនិធិសប្បុរសធម៌ $KULL គឺជាបានលក់អស់អាវយឺតដែលបោះពុម្ភ limited edition ជាច្រើនរាប់រយជូនទៅដល់អ្នកគាំទ្រដើម្បីរៃអង្គាសថវិកាសម្រាប់គ្រួសារទីទាល់ក្រនៅខេត្តព្រះវិហារ។ អាវយឺតទាំងនោះ ត្រូវបានលក់អស់ភ្លាមៗក្នុងរយៈពេលតែ៤ ម៉ោងប៉ុណ្ណោះ ទាំងនេះបង្ហាញពីការលះបង់របស់បណ្តាអ្នកគាំទ្រ។
កញ្ញា ម៉មឡូរ៉ាបានបន្ថែមឱ្យដឹងថា វណ្ណដាមានអារម្មណ៍ថា ពេលនេះគឺពេលវេលាដ៏សក្តិសមបំផុតក្នុងការចូលរួមជាមួយក្រុមហ៊ុនដែលអាចជួយសម្រេចបាននូវសេចក្តីប្រាថ្នារបស់គាត់ ដែលចង់ក្លាយខ្លួនជាសិល្បករដ៏ល្បីបំផុតនិងជាអ្នកតស៊ូមតិដើម្បីលើកកម្ពស់ជីវិតដ៏ជាទីមោទនបំផុតម្នាក់របស់ខ្មែរ៕