ភ្នំពេញ៖ ថ្ងៃទី 15 មករា 2021ក្រុមហ៊ុនសែលកាតបានប្រកាសពីការបើកដំណើរការមជ្ឈមណ្ឌលអប់រំ(Education Hub) តាមអនឡាញដើម្បីអនុញ្ញាតឱ្យអតិថិជនសែលកាតរបស់ខ្លួនអាចចូលទស្សនាមាតិកាអប់រំតាមអនឡាញ ដោយឥតដែនកំណត់នៅទូទាំងប្រទេសកម្ពុជា។
សេវាកម្មនវានុវត្តន៍ផ្នែកឌីជីថលដែលមានផ្តល់ជូននៅលើEducation Hubនេះ រួមមានសាលាអេឡិចត្រូនិច(E-School) កម្មវិធីឃីមសុខហេង(Khim Sok Heng)និងកម្មវិធីiKnow iKnow ជាដើម។ Education Hubគឺជាមធ្យោបាយដ៏ល្អបំផុតមួយ សម្រាប់អ្នកសិក្សាគ្រប់រូបដែលមានបំណងចង់បង្កើនចំណេះដឹងរបស់ខ្លួនជាមួយនឹងសមត្ថភាពក្នុងការទទួលបានការអប់រំឌីជីថលគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជាដែលដំណើរការដោយសែលកាត។លោក អៀន វ៉ាតសុន(Ian Watson)នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា Education Hubគឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុនសែលកាតនិងរ៉ូយ៉ាល់គ្រុបដើម្បីបង្កើនអក្ខរកម្មឌីជីថលនិងសមត្ថភាពយុវជននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាព នៅក្នុងអំឡុងស្ថានការណ៍ឥតទិសដៅច្បាស់លាស់នេះផងដែរ។
លោក វ៉ាតសុនបានមានប្រសាសន៍បន្តថា៖ “តាមរយៈអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ាគិតម៉េងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពួកយើងនឹងនៅតែបន្តផ្តល់ជូននូវនវានុវត្តន៍ផ្នែកឌីជីថល ដើម្បីជួយពន្លឿនដល់ការធ្វើឌីជីថលនីយកម្មនៅកម្ពុជា ។ ការអប់រំតាមអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅពេលនេះហើយពួកយើងអាចមើលឃើញយ៉ាងច្បាស់ថា សិស្សនិស្សិតនឹងនៅតែត្រូវពឹងផ្អែកលើថ្នាលសិក្សានិម្មិត (virtual learning platforms)ជាបន្ត”។
ក្រុមហ៊ុនសែលកាតបានដាក់ឱ្យដំណើរការកម្មវិធីអប់រំតាមរយៈកម្មវិធីទូរស័ព្ទ iKnow iKnow នៅក្នុងឆ្នាំ ២០២០ ដើម្បីផ្តោតទៅលើសិស្សសាលាចាប់ពីថ្នាក់ទី ៦ ដល់ទី ១២។
សេវាកម្មនេះ មានផ្តល់ជូននៅទូទាំងប្រទេស ដោយអ្នកប្រើប្រាស់ត្រូវចំណាយត្រឹមតែ1200 រៀលប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។អតិជនសែលកាតអាចបន្តមានឱកាសឈ្នះរង្វាន់អាហារូបករណ៍រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ ដើម្បីសិក្សានៅសាកលវិទ្យាល័យនាំមុខគេចំនួន ៣ នៅកម្ពុជា ដោយក្នុងនោះរួមមានសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC) តាមរយៈការចូលរួមប្រើប្រាស់កម្មវិធីអប់រំ ដើម្បីឆ្លើយសំណួរស្វែងរកចម្លើយត្រឹមត្រូវ។
កាន់តែពិសេសទៀតនោះ អតិថិជនក៏នឹងមានឱកាសប្រចាំខែដើម្បីឈ្នះម៉ូតូយ៉ាម៉ាហា X-Ride ចំនួន 2 គ្រឿងផងដែរ។
កម្មវិធីE-School CambodiaដែលមាននៅលើEducation Hub របស់សែលកាតនឹងផ្តល់ជូនវគ្គសិក្សាតាមវីដេអូ (Video On Demand) ចំនួន ១២ វគ្គដោយផ្តោតលើថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសដោយឥតគិតថ្លៃរយៈពេលមួយខែសម្រាប់រាល់អតិថិជនសែលកាតដែលប្រើប្រាស់លេខកូដប្រូម៉ូសិន “Cellcard”។ មុខវិជ្ជាជាច្រើន ដែលអនុលោមតាមស្តង់ដារអប់រំកម្ពុជារបស់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់គ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យក៏នឹងមានដាក់ជូនឱ្យប្រើប្រាស់ផងដែរ។
កម្មវិធីសិក្សា Khim Sok Heng មានផ្តល់ជូននូវមាតិការសិក្សាតាមវីដេអូ(Video On Demand)ដល់អតិថិជនជាមួយនឹងគម្រោងបង់ថ្លៃប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែដែលអតិថិជនអាចបង់ថ្លៃគម្រោងដោយប្រើប្រាស់ទឹកប្រាក់នៅក្នុងគណនីសែលកាតរបស់ខ្លួន។
លោក ឃីមសុខហេង(Khim Sok Heng) គឺជាសាស្ត្រាចារ្យដ៏ល្បីល្បាញ និងទទួលបានការគោរពដ៏ខ្ពស់មួយរូប ខាងផ្នែកបណ្តុះបណ្តាលជំនាញទន់។ មាតិកាតាមអនឡាញ រួមមានវគ្គស្តីពីភាពជាអ្នកដឹកនាំ ទំនាក់ទំនងគ្រួសារជំនាញធុរកិច្ច ការលើកទឹកចិត្តនិងការកែលំអខ្លួនឯង និងមានជំនាញដទៃៗទៀតជាច្រើន។
លោក វ៉ាតសុន បានថ្លែងទៀតថា៖ “Education Hub គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ពួកយើងដើម្បីធានាបាននូវការអភិវឌ្ឍទៅមុខជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។
សេវាកម្មសិក្សាតាមអនឡាញនេះ គឺជាធនធានបន្ថែមដ៏អស្ចារ្យមួយសម្រាប់ជួយដល់សិស្សនិស្សិតក្នុងការរៀនសូត្រនូវជំនាញឌីជីថលក៏ដូចជាជួយដល់ការអភិវឌ្ឍគំនិតរបស់យុវជនខ្មែរផងដែរ”។
អតិថិជនសែលកាតដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ Education Hub អាចចូលទស្សនាមាតិការបស់កម្មវិធីនេះបាន តាមរយៈ Cellcard Appដែលអាចស្វែងរកបាននៅលើហាងរបស់iOS និង Android ៕