សមាគមសិប្បកម្មឫស្សីខ្មែរត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ដែលសុទ្ធសឹងជាសិប្បករនារីមកដល់បច្ចុប្បន្ននេះមានសមាជិក ៦៩នាក់ហើយដែលជាអ្នកផលិតពីវត្ថុធាតុដើមពីឫស្សីឋិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង។
មន្ត្រីសម្របសម្រួលក្នុងសមាគមសិប្បកម្មឫស្សីខ្មែរឈ្មោះឡេង បូ រ៉ាន់ បានរៀបរាប់ឲ្យដឹងថាក្នុងសិប្បកម្មនេះមានសមាជិកចំនួន ៦៩នាក់មកហើយជាស្ត្រីទាំងអស់នៅពេលបច្ចុប្បន្ន ដែលមានជំនាញផលិតសិប្បកម្មពីឫស្សី។ ស្ត្រីបានដើរក្នុងសេដ្ឋកិច្ចរបស់សហគមន៍តាមរយៈការប្រើប្រាស់ជំនាញរបស់ពួកគេដើម្បីចាប់ផ្តើមអាជីវករខ្នាតតូច។ បងស្រី បូ រ៉ាន់ បន្តថាសម្រាប់សិប្បកម្មឫស្សីខ្មែរនេះផលិតផលដែលមានតម្លៃខ្ពស់លក់ចេញក្នុងទីផ្សារមាន ចានស្រាក់ពីឫស្សីមានតម្លៃ១០ដុល្លារហើយចំពោះផលិតផលដែលមានតម្លៃទាបបំផុតនោះគឺចាប់ពី២០០០រៀលទៅ១ដុល្លារ ។ ក្នុងនោះមានកន្ត្រក កញ្ច្រែង ដែលសុទ្ធសឹងតែជាស្នាដៃរបស់ខ្មែរយើង។
នៅក្នុងគ្រាដែលមានជំងឺកូវីដ១៩រាលដាលជាសកលបានធ្វើឲ្យការបញ្ចេញលក់ផលិតផលពីឫស្សីទាំងនេះមានភាពស្ងាត់ក៏ដោយសារតែក្រុមហ៊ុនបានផ្អាកការបញ្ជាទិញប្រមាណជា៥០ភាគរយ។ដើម្បីបង្កើតឱកាសរកចំណូលដល់ស្ត្រីក្នុងខេត្តកំពង់ឆ្នាំង គេត្រូវផ្តល់ឱ្យមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រី្តនៅក្នុងខេត្តនេះនូវជំនាញគ្រប់គ្រង ជំនាញអភិវឌ្ឍប្រាស្រ័យទាក់ទង ដើម្បីពង្រីកសហគ្រាសរបស់ពួកគេ ជួយបង្កើតការងារក្នុងសហគមន៍របស់ពួកគេ និងផ្តល់ចំណូលដល់គ្រួសាររបស់ពួកគេ។
ការផ្តល់ឱកាសល្អៗទៅដល់ស្ត្រីដើម្បីអាចរកចំណូលទៅក្នុងភូមិរបស់ពួកគេមានន័យថាជាការពង្រឹងភាពអង់អាចដល់ពួកគេនៅក្នុងសហគមន៍ផ្ទាល់ ៕