ភ្នំពេញ៖ ថ្ងៃទី 25 មករា 2021ក្រុមហ៊ុនសែលកាតបានប្តេជ្ញាគាំទ្រដល់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិដើម្បីជ្រើសរើសកីឡាករឈានទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះនៅឯប្រទេសវៀតណាម។ក្រុមហ៊ុនសែលកាតបានប្រកាសជាផ្លូវការនូវការប្រកួតជ្រើសរើសកីឡាករជើងឯកដែលនឹងត្រូវហ្វឹកហាត់ដើម្បីត្រៀមខ្លួនធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនេះ ។
ការប្រកួតជើងឯកនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរក្រោមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនសែលកាតកាលពីឆ្នាំកន្លងទៅ នៃកិច្ចសហការរយៈពេល ២ ឆ្នាំរបស់ខ្លួនជាមួយនឹងស្ថាប័នONE Championship មានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលជាស្ថាប័នផ្នែកកីឡានិងការកម្សាន្តដ៏ធំបំផុតមួយនៅលើពិភពលោក។ពិធីបើកការប្រកួត ត្រូវបានប្រព្រឹត្តិទៅ ដោយមានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម តែម មឿនប្រធានសហព័ន្ធប្រដាល់គុនខ្មែរនិងលោកអៀនវ៉ាតសុន(Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ។
លោក វ៉ាតសុន បានថ្លែងថាទស្សនៈវិស័យរបស់សមាគមកីឡាខ្មែរ គឺដើរទន្ទឹមគ្នាយ៉ាងល្អជាមួយនឹងសែលកាតដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរនិងជាក្រុមហ៊ុនទូរគមនាគមន៍ចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០% ។
លោក វ៉ាត សុន បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ “ខណៈដែលក្រុមសែលកាតចូលរួមធ្វើជាតំណាងឱ្យគុណតម្លៃនិងកេរ្តិ៍ដំណែលប្រពៃណីខ្មែរវាពិតជាប្រសើរណាស់ក្នុងការជួយដល់វិស័យគុនខ្មែរយើងដែលកីឡានេះគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿងនិងជាកីឡាដ៏ជាទីមោទនបំផុតមួយសម្រាប់ប្រទេសកម្ពុជា” ។
ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបពិតជាមានមោទនភាពបំផុតសម្រាប់ឱកាសក្នុងការចូលរួមគាំទ្រដល់កីឡាករខ្មែរយើងដែលពួកគេនឹងលើកទង់ជាតិខ្មែរបង្ហាញប្រកបដោយភាពអង់អាចក្លាហាននៅក្នុងការព្រឹត្តិការណ៍ប្រកួតខាងមុខនេះ ។
លោក ចាន់ រតនា ដែលជាកំពូលកីឡាករដ៏ឆ្នើមប្រចាំឱ្យកម្ពុជានិងជាទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាតផងនោះក៏បានចូលរួមថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួតនេះដោយបានគូសបញ្ជាក់ថាគុនខ្មែរគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបគាត់ ទាំងផ្នែកអាជីព និងការកសាងអនាគតផ្ទាល់ខ្លួនពោលគឺបានជួយរូបគាត់ឱ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងការប្រកួតអន្តរជាតិក្នុងនាមជាកីឡាករប្រយុទ្ធរបស់ONE Championship ។
កម្មវិធីប្រកួតជើងឯកនេះ នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅឯពហុកីឡាដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ) នារាជធានីភ្នំពេញដោយក្នុងនោះ នឹងមានការចូលរួមរបស់កីឡាករកំពូលៗរបស់ខ្មែរយើងនៅក្នុងកម្រិតទម្ងន់ផ្សេងៗគ្នាផងដែរ៕