ទាន់ហេតុការណ៍
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីត​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ រួម​គ្នា​ជ្រះថ្លា​កាន់​បិណ្ឌ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីត​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ រួម​គ្នា​ជ្រះថ្លា​កាន់​បិណ្ឌ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!

ក្នុង​ថ្ងៃ​បុណ្យកាន់បិណ្ឌ​វេន​ទី​៧ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោកជំទាវ រួមជាមួយ ញាតិមិត្ត​ជិត​ឆ្ងាយ អតីត​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០ ព្រមទាំង​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានចិត្ត​ជ្រះថ្លា​រួមគ្នា ប្រគេន​នូវ បច្ច័យ និង ទេយ្យទាន វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​ធ្វើ​ពិធី​រាប់បាត្រ ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ទុកជា​កុសល​រៀងៗ​ខ្លួន​ផង និង​ឧទ្ទិស​កុសលផល​បុណ្យ ដែល​បាន​កើតឡើង ពី​កម្លាំង​សទ្ធា​ជ្រះថ្លា ជូន​ដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែល​បាន​តម្កល់​អដ្ឋិធាតុ​នៅ​ក្នង​ទី​វត្ត​អារាម​មួយ​នេះ​ផង ព្រមទាំង បុព្វការី​ជន មាន​មាតា បិតា​ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្តាន និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ វីរៈ​យុទ្ធជន វីរៈ​យុទ្ធ​នារី នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន​ពលី​មរណៈ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​រយៈកាល​កន្លងមក​ផងដែរ​។

​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង​នេះ កាលដើមឡើយ គឺជា​ទីទួល​ដែល​សម្បូរ​ទៅ​ដោយ​ដើម​ក្រសាំង​តូចធំ ហើយ​នៅ​រដូវវស្សា​ទី​ទួល​នេះ​មិន​លិច​ទឹក​នោះទេ​។

​ក្នុងសម័យ​ប្រទេសជាតិ​ធ្លាក់​ចូល​ទៅ​ក្នុង​កលិយុគ​ចន្លោះ​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥ ទី​ទួល​នេះ បាន​ក្លាយ​ជា​ទីតាំង​ស្នាក់​អាស្រ័យ​សម្រាប់​ការ​ភៀសខ្លួន​របស់​ប្រជាជន​មកពី​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ព្រម​ទាំង​ការ​និមន្ត​ភៀស​ព្រះកាយ​របស់​ព្រះសង្ឃ​ផងដែរ​។

អាស្រ័យ​ដោយ​ការគោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ទៅតាម​លទ្ធភាព​ប្រជាពលរដ្ឋ​នា​ពេល​នោះ បាន​ផ្តើម​គំនិត​រៀបចំ​ទី​ទួល​នេះ ឱ្យមាន​សាលាឆទាន​មួយ​ដែល​មានឈ្មោះ​ថា «​សាលាឆទាន​ទួល​ក្រសាំង​» ក្នុង​ឆ្នាំ​១៩៧៣​។ ប៉ុន្តែ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទីតាំង​នេះ ត្រូវបាន​បំផ្លិចបំផ្លាញ​ចោល​នៅ​សេសសល់​តែ​បល្ល័ង្ក​ព្រះ​តូច​មួយ​ប៉ុណ្ណោះ​។ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ ព្រះពុទ្ធសាសនា បាន​ក្លាយជា​សាសនា​របស់​រដ្ឋ​ឡើងវិញ ហើយ​ទី​វត្ត​អារាម កន្លែង​សក្ការៈបូជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ត្រូវបាន​បើក​ឱ្យ​ដំណើរការ និង​អនុមោទនា​ចូលរួម​កសាង​ឡើង​វិញ​ជា​បន្តបន្ទាប់​។

​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី បុណ្យ​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះ​បារមី​វង្កត​បុរី​នេះ សម្តេច​តេជោ បាន​រំពឹង​ថា កូនចៅ​ត្រកូល «​ហ៊ុន​» និង​ត្រកូល «​ឌី​» នឹង​មិន​បោះបង់​វត្ត​ព្រះ​បារមី​វង្កត​បុរី​នោះទេ ហើយ​បន្ត​ជួយ​ជ្រោមជ្រែង​គាំទ្រ​ដល់​វត្ត​នេះ​រហូត​ទៅ​។ សម្តេច​តេជោ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កសាង​ទី​អារាម​នៅទីនេះ​វា​មិន​គ្រាន់តែ​ជា​ទី​អារាម​សម្រាប់​ផ្នូរ​របស់​មាតា បិតា របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ សម្រាប់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​អ្នក​ដទៃ​ទៀត​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​គិត​ថា​នេះ​ជា​ចំណង​ទាក់ទង​ដ៏​ប្រសើរ​រវាង​អាណាចក្រ និង​ពុទ្ធចក្រ​»៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com