គ្រឿងលម្អកាយមានឡត អង្កាំនិងស្ពឺដែលខ្មែរយើងពីបុព្វកាលដែលនិយមប្រើប្រាស់ពាក់ជាគ្រឿងលម្អប្រចាំកាយផងនិងយល់ឃើញថាធ្វើឱ្យការរកស៊ីត្រជាក់ត្រជុំផង។
នេះជាការលើកឡើងរបស់អ្នកប្រើប្រាស់ដែលមានជំនឿយ៉ាងមុតមាំថាការពាក់នូវអង្កាំពីបុរាណរកស៊ីមានបាននិងត្រជាក់ត្រជុំដែលចាត់ទុកថាជាវត្ថុសាកស័ក្តិម្យ៉ាងដែរ។តាមរយៈផេកបង្ហោះដែលមានឈ្មោះថា ពិភពឡត អង្កាំនិងស្ពឺនាសម័យបុរាណដែលមានទីតាំងឋិតក្នុងខេត្តបន្ទាយមានជ័យបានឱ្យដឹងថាឡត អង្កាំនិងស្ពឺជារបស់ពីបុរាណដែលមានប្រភពដើមចេញពីខេត្តបន្ទាយមានជ័យហើយបន្ទាប់បន្សំគឺ ឧត្តរមានជ័យ តាកែវ និងខេត្តបាត់ដំបង។ក្នុងនោះមានស្រុកទាំង៨នៃប្រភពអង្កាំម្ខុបបុរាណរបស់ខែ្មរយើងមាន ស្រុកថ្មពួក ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកមង្គលបុរី ស្រុកម៉ាឡៃ ស្រុកសិរីសោភ័ណ្ឌ ស្រុកស្វាយចេក ស្រុកអូរជ្រៅ។
អ្នកលក់គ្រឿងអលង្ការពីបុរាណទាំងនោះបាននិយាយទៀតថាអង្កាំបុរាណនិងឡតគឺជាគ្រឿងលម្អកាយដល់អ្នកជំនឿនិងការប្រើប្រាស់ដែលមានដើមកំណើតដ៏យូរលង់ណាស់មកហើយតាំងតែពីយុគសម័យចុងថ្មរំលីងរហូតដល់សម័យនគរភ្នំ។នៅក្នុងយុគសម័យនោះមានការនិយមប្រើប្រាស់ឡតនិងអង្កាំយ៉ាងខ្លាំងចំពោះតែអ្នកដែលមានសមត្ថភាពប្រើវាគឺច្រើនតែជាត្រកូលអភិជនតែប៉ុណ្ណោះ។សម្រាប់ជំនឿលើការប្រើប្រាស់អង្កាំនិងឡតរបស់ខ្មែរជំនាន់ដើមនាយុគសម័យនោះជាគ្រឿងលម្អមួយសម្រាប់មនុស្សប្រុសស្រីនឹងជាវត្ថុមានតម្លៃប្រៀបដូចជាមាសពេជ្រផងដែរនាសម័យនោះ។អង្កាំនិងឡតបុរាណគឺជួយលើករាសី និងបញ្ចៀសគ្រោះភ័យចង្រៃ។ ពាក់អង្កាំនិងឡតជួយឱ្យអ្នកប្រើប្រាស់មានជំនឿចិត្តធ្វើឱ្យចិត្តស្ងប់ស្ងាត់និងក្លាហាន។ ជួយអ្នកប្រើប្រាស់ឱ្យមានសុខភាពរឹងមាំ ជួយសម្រស់និងស្បែកភ្លឺថ្លា។ នាសម័យនោះគេនិយមដាក់អង្កាំនិងឡតក្នុងផ្នូរបុព្វបុរស ព្រោះលោកជឿថាអង្គាំនិងឡតអាចជួយជំនួយឱ្យសាកសពមិនងាយស្អុយរលួយនឹងជួយឱ្យវិញ្ញាណបានទៅកាន់សុគតិភព៕កញ្ញា វ៉ាត.