ទាន់ហេតុការណ៍
0

អតីត​គ្រូ​រូបវិទ្យា​ល្បី​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក កំពុង​សម្រាក​វះកាត់​ជើង​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អតីត​កូនសិស្ស និង​អតីត​គ្រូបង្រៀន​សាលា​បាក់​ទូក​ជាមួយគ្នា

អតីត​គ្រូ​រូបវិទ្យា​ល្បី​ម្នាក់ នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៃ​សាលា​បាក់​ទូក កំពុង​សម្រាក​វះកាត់​ជើង​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អតីត​កូនសិស្ស និង​អតីត​គ្រូបង្រៀន​សាលា​បាក់​ទូក​ជាមួយគ្នា

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ អតីត​សិស្ស​សាលា​បាក់​ទូក​នា​ទសវត្ស​ឆ្នាំ​១៩៨០ មួយ​ក្រុម​រួម​ជាមួយ​អតីត​លោកគ្រូ​អ្នក​គ្រូបង្រៀន​នៅ​សាលា​បាក់​ទូក បាន​នាំយក​ថវិកា ដែល​បានមកពី​ការចូលរួម​ពី​អតីត​លោកគ្រូ អ្នកគ្រូ និង​សិស្ស​រួម​ជំនាន់ សរុប​៨,០១០​ដុល្លារ និង​១៥​ម៉ឺន​រៀល រួម​នឹង​ផ្លែឈើ​១​កន្ត្រក និង​ភេសជ្ជៈ​ចម្រុះ​៨​កេស ទៅសួរសុខទុក្ខ និង​ប្រគល់ជូន​លោកគ្រូ ជា សែ អតីត​គ្រូ​ជើងចាស់​ឯកទេស​រូបវិទ្យា​ដ៏​ល្បីល្បាញ​ម្នាក់​នា​ទសវត្សរ៍​ទី​៨០ ដែល​កំពុង​សម្រាក​ព្បាល​វះកាត់​ជើង ដោយសារ​ដំបៅ​នៃ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង​។​

​ក្នុងឱកាស​នោះ ក្រុម​អតីត​មិត្ត​រួម​ជំនាន់​នៃ​សាលា​បាក់​ទូក​ទាំងអស់ ក៏​បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​វេជ្ជបណ្ឌិត លូ លី​ឃាង ប្រធាន​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ព្រមទាំង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ដែល​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការព្យាបាល​ដល់​លោកគ្រូ ជា សែ យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត​។​

​គួររំលឹកថា កាលពី​ខែ​សីហា ឆ្នាំ​២០១៨ លោកគ្រូ ជា សែ ក៏​ធ្លាប់​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ត្រូវបាន​អតីត​សិស្ស​សាលា​បាក់​ទូក​នា​ឆ្នាំ​៨០ រួម​គ្នា​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន តាម​លទ្ធភាព​បាន​ថវិកា​សរុប​ជាង ៧,០០០​ដុល្លារ ប្រគល់ជូន​លោក​គ្រូ ជា សែ ទុក​ជា​ការជួយ​សម្រាល​បន្ទុក​ព្យាបាល​ដល់​គ្រួសារ​លោកគ្រូ​ម្តង​រួចមកហើយ​ផងដែរ​។​

​ក្នុង​រយៈកាល​កន្លងមក គេ​តែង​សង្កេត​ឃើញ​អតីត​មិត្ត​រួម​ជំនាន់ នៃ​សាលា​បាក់​ទូក​មួយ​ក្រុម ដែល​ផ្តួចផ្តើម​ចងក្រង​ឡើង ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មេបញ្ជាការ​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បង្ហាញ​នូវ​សកម្មភាព​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ និង​ចែករំលែក​ធនធាន​ជួយ​ទុក្ខ​ធុរៈ អតីត​លោកគ្រូ​អ្នកគ្រូ មិន​ដែល​មាន​ខាន ព្រមទាំង​ជួយ​ដល់​មិត្ត​ដែល​ជួប​ការលំបាក​និង​ខ្វះ​លទ្ធភាព​គ្រប់ៗ​គ្នា​។​

​សកម្មភាព​យកចិត្តទុកដាក់ និង​ចែករំលែក​ធនធាន​ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ និង​មិត្ត​ដែល​មាន​អាសន្ន​ទាំងនេះ គឺជា​មនោសញ្ចេតនា និង​ជា​គោលការណ៍​ក្នុង​ក្រុម ស្រប​តាម​ពាក្យស្លោក​ដែល​ពួកគាត់​បាន​រួម​គ្នា​បង្កើត​ឡើង​ថា «​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​»៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com