ជម្រើសក្នុងការចាប់យកមុខរបរណាមួយរបស់កសិករក្នុងការចិញ្ចឹមសត្វគ្រប់ប្រភេទក៏ត្រូវមានជម្រើសណាមួយដ៏ពិតប្រាកដដោយគិតទាំងពេលវេលានិងប្រាក់ចំណូលពីការចិញ្ចឹមសត្វនោះផងដែរ។ យ៉ាងណាមិញក្នុងការចិញ្ចឹមមាន់ក្នុងស្រុកក៏ដូច្នោះដែរ។ដោយឡែកថ្មីៗនេះមានការនាំចូលពូជមាន់ថ្មីពីថៃដែលចិញ្ចឹមទៅបានស៊ុតរាល់ថ្ងៃដោយមិនចាំបាច់មានមាន់ឈ្មោលនោះឡើយ។
បើតាមការបញ្ជាក់របស់បងស្រី វង ដែលលក់មាន់ពូជថ្មីនេះក្នុងស្រុកដងទង់ ខេត្តកំពត បានឱ្យដឹងថាពូជមេមាន់ថ្មីនាំចូលពីថៃនេះឈ្មោះថា អ៊ីសាប្រោន ដែលអាចពងរាល់ថ្ងៃដោយមិនបាច់មានឈ្មោល។ បងស្រី វង បន្តថាពូជមេមាន់នេះមានទំងន់ជាង១គីឡូក្រាមដោយមានអាយុកាលវាបានដល់បីឆ្នាំដូចជាអាយុកាលមាន់ក្នុងស្រុកដែរ។ មេមាន់អ៊ីសាប្រោននេះចិញ្ចឹមវាចាប់ពីអាយុ៤ខែរហូតដល់អាយុ៥ខែទើបវាបានទម្លាក់ស៊ុតឱ្យអ្នកចិញ្ចឹមរាល់ថ្ងៃ។ដោយក្នុង១សប្តាហ៍អាចអាក់ពង២ឬ៣ថ្ងៃ។ ម្ចាស់ដេប៉ូរូបនេះថា មេមាន់នេះលក់គិតជាក្បាលដោយក្នុង១ក្បាលតម្លៃ៥ម៉ឺនរៀលចំពោះបើទិញច្រើនអាចចុះមកត្រឹម១ក្បាលថ្លៃ៤ម៉ឺនរៀល។ អាស្រ័យដោយសារពងមាន់នេះធំៗជាងពងមាន់ក្នុងស្រុកទើបធ្វើឱ្យតម្លៃលក់ចេញក្នុងស្រុកមានតម្លៃពងប្រហាក់ប្រហែលដូចជាពងទាក្នុងស្រុកដែរធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកចិញ្ចឹមមាន់ក្នុងស្រុក៕