ថ្មីៗកន្លងទៅនេះចាស់ទុំជនជាតិដើមភាគតិចពូនង(ព្នង) បានមូលមតិឯកភាពគ្នារៀបចំកម្មវិធីសែនព្រេនកាប់ក្របីបែបប្រពៃណីរបស់គាត់ដើម្បីឱ្យអារក្សអ្នកតាតាមថែរក្សាការពារថ្នាក់ដឹកនាំដែលទើបមកដល់ថ្មីដែលពិធីនេះប្រព្រឹត្តទៅនៅលើភ្នំដោះក្រមុំ។
លោក អ៊ុំ តក ណារូ បានមានប្រសាសន៍ថា នេះជាពេលវេលាដ៏ល្អ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ការទំនាក់ទំនងបែបប្រពៃណី រវាងថ្នាក់ដឹកនាំជាមួយនិងប្រជាពលរដ្ឋ។ពិធីនេះគឺចង់ឱ្យអារក្សអ្នកតា ព្រលឹងដូនតានិងប្រជាពលរដ្ឋដឹងពីការយកចិត្តទុកដាក់ស្រឡាញ់ពេញចិត្តចំពោះថ្នាក់ដឹកនាំថ្មី ហើយប្រជាពលរដ្ឋទាំងអស់ បងប្អូនយកកាយវិការរបាំគង សំលេងនៃការបន់ស្រន់ ការសែនព្រេន ពិធីបូជាក្របី ព្រមទាំងការរៀបចំជួបជុំគ្នា ចំទីតាំងប្រវត្តិសាស្ត្ររបស់ដូនតាមានសម្លៀកបំពាក់បែបជំនាន់ដើមទើបធ្វើឱ្យដូនតាម្ចាស់ទឹកម្ចាស់ដីព្រៃភ្នំទទួលស្គាល់ តាមថែរក្សាការពារថ្នាក់ដឹកនាំទាំងអស់បានល្អជារៀងរហូត។
កម្មវិធីនេះធ្វើឡើងដោយចាស់ទុំបងប្អូនជនជាតិពូនងជាច្រើននាក់ នៅភ្នំដោះក្រមុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា, ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត បានចូលរួមជាច្រើនកុះករផងដែរ។
ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ត្រេកអរ និងអរគុណសម្រាប់ការរៀបចំពិធីដ៏មានអត្ថន័យនេះ ហើយសូមបួងសួងព្រលឹងដូនតា ជាពិសេសលោកតានៅភ្នំដោះក្រមុំ ជួយថែរក្សាការពារបងប្អូនជនជាតិដើម និងប្រជាពលរដ្ឋទាំងអស់មានសេចក្តីសុខសេចក្តីចម្រើនជារៀងរហូត។ចំពោះខ្ញុំពិតជាមានមោទនភាព និងមានកិត្តិយសក្រៃលែងផងដែរ ដែលបងប្អូនបានថែរក្សាការពារប្រពៃណីបានល្អ ព្រមទាំងបានអញ្ជើញរូបខ្ញុំឱ្យចូលរួមក្នុងកម្មវិធី ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះ។សង្ឃឹមយ៉ាងមុតមាំ បងប្អូនពូនង នឹងទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនដើម្បីឱ្យវប្បធម៌ប្រពៃណីនៅរក្សាលើទឹកដីមណ្ឌលគិរីជារៀងរហូត។ សូមអរគុណរាជរដ្ឋាភិបាល អរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានការពារថែរក្សាវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច ពូនង បានគង់វង្ស ជាពិសេសអរគុណសន្តិភាព ៕