អ្នកស្រីសំបូរ រអ៊ូតែម្នាក់ឯងក្រោយពីឈប់ម៉ូតូនៅមុខផ្ទះលក់ចាប់ហួយមួយកន្លែងដើម្បីទិញរបស់របរខ្លះ។
អ្នកស្រីរស់នៅ ភូមិអូរស្វាយលិច ឃុំព្រែកកុយ។អ្នកស្រីឲ្យដឹងថាខ្ញុំធ្លាប់បានទៅចូលរួមប្រជុំជាមួយអ្នកភូមិឯទៀតពេលដែលសាលាឃុំហៅទៅប្រជុំ ដែលនិយាយអំពីការអភិវឌ្ឍន៍ធ្វើផ្លូវក្នុងភូមិរបស់យើង។
តែពេលនេះអ្នកស្រីសំបូរបែរជាត្រូវខកចិត្ត ព្រោះនៅភូមិគេដទៃគេធ្វើផ្លូវរួចរាល់ហើយ។បែរជាផ្លូវនៅភូមិរបស់ខ្ញុំនៅពុំទាន់ឃើញធ្វើនៅឡើយ។គោ ក្របី ដើរ បែក ភក់ ជិះម៉ូតូកង់ពុំកើតទេ ។អ្នកស្រីបញ្ជាក់ថាកាលពីខែ១ចូលដល់ខែ ២ ថានៅមានទឹកលេច ឥឡូវចូលដល់ខែ៥ទឹកគោកឃុំថាធ្វើឲ្យតែពុំទាន់ឃើញធ្វើទេ ចូលដល់ឆ្នាំ២០២៤ទៅហើយ។
អ្នកនាងសុភាវិញក៏មិនខុសពីអ្នកស្រីសំបូរដែរ ការត្អូញត្អែរដូចគ្នាដែលអ្នកនាងនិយាយថាមុខផ្ទះខ្ញុំឯណេះវិញ ក៏ដូចគ្នាដែរ។ថ្នល់ចាក់ផ្លូវកៅស៊ូ ឥឡូវខូចខាតអស់ទៀត។គឺផ្លូវប្រេះស្រាំខ្ញុំសង្ឃឹមថានិងបានផ្លូវបេតុងដូចភូមិគេដែរតែពុំឃើញចាក់ផ្លូវបេតុងសោះ។
លោកហេងគីមេឃុំ ព្រែកកុយ ខេត្តកំពង់ចាម មានប្រសាសន៍ថា ក្នុងឃុំរបស់យើងកំពុងពិគ្រោះយោបល់ជាមួយប្រជាជន ហើយយើងមុននឹងធ្វើគម្រោងអ្វីមួយយើងបានស្វែងរកតំរូវការពីប្រជាជនតាមមូលដ្ឋានដែរ ហើយយើងបានផ្ទៀងផ្ទាត់ថា តើគម្រោងមួយណាដែលខ្ពស់ជាងគេគឺយើងត្រូវធ្វើផ្លូវមុនគេ។
លោកបានបញ្ជាក់អំពីគម្រោងថវិកាថ្នាក់ជាតិឆ្នាំ 2024 ថា យើងបានប្រើប្រាស់លើអទិភាពផ្លូវថ្នល់មុនគេដោយសារ ឃុំព្រែកកុយ មានការលំបាកហើយយើងកំពុងធ្វើផ្លូវបណ្ដើរៗហើយ។ឃុំកំពុងដោះស្រាយជូនប្រជាជនវិញក្នុងនាមជាអ្នកគ្រប់គ្រងមូលដ្ឋាន៕ លីតា