ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​តាម​សាលា ស្តីពី​បញ្ហា​ក្មេង​ទំនើង និង​បញ្ហា​គ្រឿងញៀន​!

“​ក្មេង​ទំនើង​” គឺ​យើង​ច្រើន​សំដៅលើ​ក្រុម​ក្មេង​ឈាមរាវ ដែល​មាន​អាយុ​ចន្លោះ ពី​១៣ ទៅ​១៨​ឆ្នាំ ចូលចិត្ត​បង្ក​ភាពអនាធិបតេយ្យ​ក្នុង​សង្គម មិន​យកចិត្តទុកដាក់​រៀនសូត្រ មិន​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត មិន​គោរព​ច្បាប់ មិន​គោរព​សីលធម៌ បង្កើត​ក្រុម​បងតូច​បងធំ និង​ដេញ​វាយ​កាប់​ចាក់​គ្នា រហូត​ឈានដល់​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ​។​

​សកម្មភាព​ទំនើង​កោងកាច របស់​ក្មេង​ទំនើ​ង គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​សង្គម បង្ក​ការភ័យខ្លាច​និង​រំខាន​ដល់​អ្នក​ដ៏​ទៃ​ក្នុង​សហគមន៍ ប្រើ​ហិង្សា បង្ក​របួសស្នាម ឬ​ធ្វើឲ្យ​បាត់បង់​អាយុជីវិត ថែមទាំង បំផ្លាញ​ទ្រព្យសម្បត្តិ​និង​កិត្តិយស​គ្រួសារ បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ទៃ បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ ប៉ះពាល់​ដល់​ធនធានមនុស្ស​ក្នុងសង្គម និង​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។​

​ដើម្បី​ចូលរួម​បង្កា​ទប់ស្កាត់ និង​បង្ក្រាប ក្រុម​ក្មេង​ទំនើង​ទាំងនេះ លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ តាម​សាលា​វិទ្យាល័យ​និង​អនុវិទ្យាល័យ ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស បាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់​របស់​ក្មេង​ទំនើង​ក្នុងសង្គម និង​យុទ្ធនាការ​ចុះ​បង្ក្រាប​ក្មេង​ទំនើង​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រម​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​អំពាវនាវ​ដល់​អាណាព្យាបាល ដែល​ធ្លាប់តែ​បណ្តោយ​ឲ្យ​កូន​ក្លាយជា​ទំនើ​ង បាត់​នូវ​សីលធម៌ គុណធម៌ វិន័យ និង​ច្បាប់ទម្លាប់ ទាំងអស់ សូម​ចូលរួម​ងាក​មក​យកចិត្តទុកដាក់​អប់រំ​កូន ផ្តល់​គំរូ​ល្អៗ ដល់​កូន និង​គ្រប់គ្រង ថែទាំ តាមដាន​កូន ឲ្យបាន​ហ្មត់ចត់​បំផុត ព្រមទាំង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។​

​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើ​ង របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ធ្វើឡើង ដោយ​មិនមាន​ការលើកលែង​ដាច់ខាត ចំពោះមុខ​ញ្ញា​ដូចខាងក្រោម​៖
១- ក្រុម​ក្មេង​ដែល​ធ្លាប់​ចូល​ជា​សមាជិក​ក្រុម​ទំនើង​និង​ធ្លាប់​ធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា កន្លងមក​។​
២- ក្រុម​ក្មេង​ដែល​ប្រើ​អំពើហិង្សា វាយតប់ កាប់​ចាក់​គ្នា​ជាក់ស្តែង ក្នុង​សាលារៀន ទីសាធារណ​: និង​តាម​ដងផ្លូវ​។​
៣- ក្រុម​ក្មេង​ដែល បង្ហោះ​ម៉ូតូ កែច្នៃ​ស៊ី​ម៉ាំង​ម៉ូតូ​ជិះ​រោទិ៍​លឺសូរ​ខ្លាំង ស្រែក​ហ៊ោ​កញ្ច្រៀវ ប្រដេញ​គ្នា​តាមផ្លូវ ដែល​ផ្ដល់​ការភ័យខ្លាច​និង​រំខាន​ដល់​អ្នក​ដ៏​ទៃ​តាម​ទីសាធារណៈ​។​
៤- ក្រុម​ក្មេង​ដែល បំផ្លាញ​ទ្រព្យ​របស់​អ្នកដទៃ ទ្រព្យសម្បត្តិ​រដ្ឋ ដូចជា គប់​កញ្ចក់​រថយន្ត វាយបំផ្លាញ​ម៉ូតូ វាយបំផ្លាញ​អំពូល​ភ្លើង​សាធារណៈ វាយបំផ្លាញ​ប៉ាណូ​សាធារណៈ​។​
៥- ក្រុម​ក្មេង​ដែល ប្រមូលផ្ដុំ​គ្នា​ផឹកស៊ី ជក់បារី ជក់​វ៉ែប ចាក់ធុងបាស់ ឡូឡា​អនាធិបតេយ្យ នៅតាម​ទីសាធារណៈ ពេល​អាធ្រា​ត​។​
៦- ក្រុម​សិស្សសាលា​ដែល​នៅក្នុង​ម៉ោង​រៀន ទៅ​ប្រមូលផ្តុំ​គ្នា​ផឹកស្រា ជក់បារី ជក់​វ៉ែប តាម​រមណីយដ្ឋាន តាម​ចំការ តាម​កញ្ចុះ តាម​ផ្ទះសំណាក់ តាម​ខារ៉ាអូខេ ដោយ​គេច​ម៉ោង​រៀន​។​

​ប្រសិន​បើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃើញ​ទង្វើ​ទំនើង​ទាំងឡាយ​ដូចខាងលើ សូម​ទំនាក់ទំនង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាមរយៈ​ទូរស័ព្ទ​Hotline លេខ​១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សារ​ការសម្ងាត់​ជូន​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com