សត្វពាហនៈមានគោ ក្របី សេះ ពិសេសពពែ ចៀម ដែលកសិករខ្មែរយើងចិញ្ចឹមក្នុងស្រុកច្រើនទើបធ្វើឱ្យមុខរបរចិញ្ចឹមសត្វនេះមានអាទិភាពខ្ពស់ដោយទីផ្សារក្នុងស្រុកមានតម្រូវការច្រើនដែលធ្វើឱ្យការដាំស្មៅជាចំណីសត្វនោះបានទទួលចំណូលជាប្រចាំថ្ងៃ។
កសិករឈ្មោះ ឌីណា នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកដាំស្មៅគ្រប់ប្រភេទដោយធ្វើការនាំចូលពីប្រទេសថៃ។ លោក ឌីណា ជាអ្នកដាំស្មៅពូជបរទេសអស់រយៈពេល៣ឆ្នាំមកហើយដោយក្នុងនោះមានប្រភេទពូជស្មៅដាំដោយគ្រាប់មាន៦ប្រភេទនិងពូជស្មៅជាដើមកង់ៗមាន១០ប្រភេទ។ ដោយមើលឃើញពីតម្រូវការអ្នកចិញ្ចឹមសត្វមានច្រើនឡើងៗទើបលោក ឌីណា ចាប់ផ្តើមនាំចូលពូជស្មៅដើមនេះពីថៃមកដាំក្នុងស្រុកដោយក្នុង១ហិកតាចំណាយតែជាង២លានប៉ុណ្ណោះដែលពីមុនទិញពូជពីក្រៅត្រូវចំណាយជាង២០០០ដុល្លារក្នុង១ហិកតា។
ប្រភេទស្មៅដើមនេះ ដាំក្នុងរយៈពេលជាង១ខែមានកម្ពស់ជិត៣ម៉ែត្រដែលអាចកាប់លក់ជាកង់ៗដោយគិតក្នុង១០០កង់ថ្លៃ២ម៉ឺនរៀលចំពោះប្រភេទស្មៅពូជគ្រាប់ក៏ប្រើរយៈពេលដាំជាង១ខែដូចគ្នាដែលមានកម្ពស់ជាង១ម៉ែត្រដោយលក់ចេញគិតជាបាច់ក្នុង១បាច់២០០០រៀល។ ប្រភេទស្មៅបរទេសដើមដាំក្នុងរដូវណាក៏បានដែរ អាស្រ័យដោយមានប្រព័ន្ធទឹកនិងជីគ្រប់គ្រាន់ដោយអាចដោតដាំលើផ្ទៃដី១ហិកតាត្រូវចំណាយ២ម៉ឺនកង់ហើយចំពោះស្មៅពូជគ្រាប់ត្រូវចំណាយក្នុង១ហិកតា១៥គីឡូក្រាម។ លោក ឌីណា បន្តទៀតថា ចាប់តាំងពីដាំស្មៅនេះលក់មកជីវភាពគ្រួសារគាត់ធូរធារច្រើនក៏ដោយសារតែទទួលបានពីចំណូលដាំស្មៅរាល់ថ្ងៃផងដែរ។ ដោយឡែកចំពោះទីផ្សារក្នុងស្រុក មិនខ្វះអ្នកទិញនោះទេ ភាគច្រើនអតិថិជនដែលចិញ្ចឹមសត្វច្រើនមកពីខេត្តតាកែវ កំពត កំពង់ធំ បាត់ដំបង មានរហូតដល់ខេត្តព្រះវិហារក៏មានដែរ៕