ទាន់ហេតុការណ៍
0

​បទ​យកការណ៍​៖ រូបសំណាក​ស្ពាន់​ព្រះ​ថោង នាងនាគ ទម្ងន់​៦០​តោន​ជា​ស្នាដៃ​កូន​ខ្មែរ​ដំបូងបង្អស់​

​បទ​យកការណ៍​៖  រូបសំណាក​ស្ពាន់​ព្រះ​ថោង នាងនាគ ទម្ងន់​៦០​តោន​ជា​ស្នាដៃ​កូន​ខ្មែរ​ដំបូងបង្អស់​

រូបសំណាក​ព្រះថោង នាងនាគ​បាន​ចារ​ទុក​ក្នុង​ពង្សាវតា​ខ្មែរ​ដែល​ជា​ម្ចាស់​ទឹកដី​ដំបូងបង្អស់​នៃ​គ​.​ស​ក្នុង​គ្រាក​ទឹក​កដី​ដែល​ជា​ដែនដី​នគរ​គោកធ្លក និង​ត្រូវបាន​កសាង​ជា​រូបសំណាក​ពី​ស្ពាន់​ដ៏​ធំ​សម្បើម​តម្កល់​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រង់​ចំណុច​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ដោយ​រៀបចំ​ពិធី​អភិសេក​រូបសំណាក​កាលពី​ថ្ងៃ​ឡើងស័ក​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​ថ្មីៗ​នេះ ឋិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ។​

​តាមរយៈ​ការ​ផ្តល់​បទ​សម្ភាស​ពី​ក្រុម​ជំនាញ​កសាង​រូបសំណាក​នេះ​ផ្តល់​ឱ្យ​អ្នកយកព័ត៌មាន​ដឹងថា រូបសំណាក​ព្រះថោង នាងនាគ​ពី​ស្ពាន់​នេះ​ប្រើ​រយៈពេល​ជិត​៣​ខែ ដោយ​ការតាក់តែង​និង​តម្លើង​ស្រ៊ី​ឌី ក្បូរ​ក្បាច់រចនា​ឱ្យ​មាន​ភាពរស់រវើក​។​

​តំណាង​ក្រុម​ជំនាញ​បន្តថា នៅពេលដែល​យើង​អនុម័ត​ហើយ យើង​ខំ​រក​ទម្រង់​ក្បាច់​ដែល​ឱ្យ​មាន​ភាពរស់រវើក​ទើប​ប្រើ​ពេល​យូរ​ដោយ​គូរ​ជា​ដៃ​ហើយ​យើង​រក​កន្លែង​ចាក់ពុម្ព​ដោយ​ខ្ញុំ​សូមបញ្ជាក់​ថា មាន​បងប្អូន​យើង​មួយចំនួន​គាត់​សួរ​ថា​ចិន​ឬ​ក៏​ខ្មែរ​ជា​អ្នក​ធ្វើ ខ្ញុំ​សូម​បញ្ជាក់​ផងដែរ​ថា រូបសំណាក​នឹង​ពុំមែន​ចិន​ជា​អ្នក​ធ្វើ​នោះទេ​គឺ​ខ្មែរ​អ្នកធ្វើ​ដោយ​យើង​ដាក់​ក្នុង​ស្រ៊ី​ឌី​ទាំងអស់​។ ខ្ញុំ​សូមបញ្ជាក់ថា​លើ​ក្បាច់ក្បូរ​នឹង​ក្រៅពី​ខ្មែរ​យើង​ពុំមាន​អ្នកណា​ធ្វើ​បាន​ឡើយ​គឺជា​ក្បាច់​មករ ជា​ក្បាច់​ដូនតា​យើង​។​នៅពេលដែល​យើង​ធ្វើ​ម៉ូឌែល​ស្រ៊ី​ឌី​ហើយ​ខ្មែរ​យើង​ស្វែងរក​រោងចក្រ​ធំ​សម្រាប់​ស្ល​ស្ពាន់​ចាក់​រូប​បដិមា​ធំ ដូច្នេះ​យើង​ត្រូវ​រក​បដិមាករ​ស្ពាន់​ច្រើន អញ្ចឹង​ទើប​បញ្ចូល​ស្រ៊ី​ឌី​ទៅ​ព្រីម​នៅ​ស្រុក​ចិន​ចាក់ពុម្ព យើង​យក​ជា​ទម្រង់​ខ្មែរ​ទាំងអស់ ស្រ៊ី​ឌី​យើង​មាន​បង្ហាញ​មក​ខ្មែរ​ជា​លក្ខណៈ​បច្ចេកទេស​មួយ​ដែល​យើង​កសាង​បដិមា​ធំ​មាន​ចាក់​ជា​ស្ពាន់​។

​អ្នកតំណាង​ជំនាញ​ដដែល​នោះ​បន្តទៀតថា ការកសាង​រូបសំណាក​នេះ​ប្រើ​រយៈពេល​ជិត​៣​ខែ​ដោយ​នៅ​ខាងលើ​មាន​រៀបចំ​បល្ល័ង្គ​កម្ពស់​៧​ម៉ែត្រ​ដោយ​ចាប់ពី​ចុង​មកុដ​រហូតដល់​ព្រះបាត​ជើង​មាន​កម្ពស់​២១​ម៉ែត្រ និង​មាន​ទម្ងន់​ស្ពាន់​សុទ្ធ​៦០​តោន​ដែល​ជា​ចម្លាក់​ធំជាងគេ​ក្នុង​ស្រុក​ខ្មែរ​យើង​។​

​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អភិសេក​រូបសំណាក​ព្រះ​ថោង នាងនាគ​ផងដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​រៀបចំ​រូបសំណាក​ព្រះថោង​តោង​ស្បៃ​នាងនាគ នៅ​ខេត្ត​ព្រះសីហនុ នាពេល​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា​ក្រុងព្រះសីហនុ ជា​ក្រុង​មួយ​ដែល​បង្កើតឡើង​ដោយ​អតីត​ព្រះមហាវីរក្សត្រ សម្តេចព្រះ​នរោត្ត​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ក្នុងនោះ​មាន​រូបតំណាង​ព្រះនាម​ព្រះអង្គ​នៅ​រង្វង់​មូល​តោ​ពីរ​ស្រាប់តែ​ម្តង​។ ទា​ក់ទង់​ទៅនឹង​រូបសំណាក​ព្រះថោង​នាងនាគ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​អំពី​ដើមកំណើត​នៃ​ប្រពៃណី​ព្រះថោង​តោង​ស្បៃ​នាងនាគ ដែល​មាន​ការ​ផ្សារ​ភ្ជាប់​នូវ​អរិយធម៌ វប្បធម៌​របស់​ខ្មែរ​យើង ជាពិសេស​ទំនៀមទម្លាប់​ប្រពៃណី​ក្នុងកា​រៀប​អាពាហ៍ពិពាហ៍​ដែល​តែងតែ​ផ្សារភ្ជាប់​ព្រះថោង​នាងនាគ ជាពិសេស​ទំនៀមទម្លាប់​ប្រុស​ចូល​ដណ្តឹង​ស្រី ដែល​កើត​មា​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា​ការសាងសង់​រូបសំណាក់​នេះ​មិន​ត្រឹម​តែ​បង្ហាញ​អំពី​អរិយធម៌ វប្បធម៌​ដ៏​ល្អ​ផូផង់​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ទាក់ទាញ​ពី​សំណាក​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ស្របពេល​ដែល​ខេត្ត​ព្រះសីហនុ បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ចំនួន​៣៧​ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​សំខាន់ៗ​ជាច្រើន​ទៀត​នោះ​។​

​តាម​ការ​ដំណាល​រឿង​ព្រះថោង​នាងនាគ បាន​លើក​មក​និទាន​ថា ដោយហេតុតែ​ក្តីស្រឡាញ់​ស្មោះស្ម័គ្រ​ព្រះថោងត​ស៊ូ​តោង​ស្បៃ​នាងនាគ ដើម្បី​ជ្រែក​ទឹក​ជ្រែ​កដី​ទៅតាម​នាងនាគ​ទៅ​ឋាន​ភុជង្គនាគ​ប្រាថ្នា​នឹង​រៀប​អភិសេក​ជា​គូគ្រង​ទៅ​អនាគត​។ នៅពេល​មុន​ចុះទៅ​ឋាន​ភុជង្គនាគ ព្រះ​នាងនាគ​បាន​ឱ្យ​ស្វាមី​តោង​ស្បៃ​ខាងក្រោយ​ឱ្យ​ជាប់​ដោយ​គ្រាន់តែ​បិទ​ព្រះ​នេត្រ​តែ​មួយ​ភ្លែត​នឹង​ទៅ​ដល់​ឋាន​ភុជង្គនាគ​ដូច​ប្រាថ្នា​។​

​ដើមចម​នៃ​រឿង​ព្រះថោង​នាងនាគ បាន​បង្ហាញ​ពី​ការ​កទឹកកដី​នា​សម័យ​គោកធ្លក​ហើយ​ការ​តោង​ស្បៃ​នាងនាគ​បាន​ក្លាយទៅជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​រហូត​មក​ដែល​មាន​នៅក្នុង​ពិធីមង្គលការ​ដោយ​កូនកំលោះ​តោង​ស្បៃ​កូនក្រមុំ​ចូល​បន្ទប់​ផ្សំ​ដំណេក​។​

​តា​ប៉ក់ វ័យ​៦៥​ឆ្នាំ​រស់នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏​មាន​ចំណាប់អារម្មណ៍​ថា រូបសំណាក​ព្រះថោង​នាងនាគ​បាន​ក្លាយជា​ប្រវត្តិសាស្ត្រ​វប្បធម៌​មួយ​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​ពី​តម្លៃ​វប្បធម៌ និង​បង្ហាញ​ដល់​ភ្ញៀវ​បរទេស​ដឹងថា​កូន​ខ្មែរ​ពិត​ជា​អាចធ្វើ​បាន​។​

​និស្សិត​ចាន់​ឋានៈ បញ្ចប់​បរិញ្ញាបត្រ​សក​ល​វិទ្យាល័យ​ភូមិន្ទ​និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​ថា រូបសំណាក​ព្រះថោង​នាងនាគ ខ្ញុំ​សង្កេតឃើញថា​តំណាង​ឱ្យ​ខ្មែរ​យើង​ដែល​យើង​ឃើញ​ក្នុង​ព្រេង​និទាន​ដោយ​ព្រះថោង​តោង​ស្បៃ​នាងនាគ​មុជទឹក​ទៅ​ឋាន​ភុជង្គនាគ​ដើម្បី​រៀប​អភិ​សេក​។ និស្សិត ចាន់​ឋានៈ​បន្តទៀតថា រឿង​នេះ​បង្ហាញ​ពី​ការ​កទឹកកដី​ដំបូងបង្អស់​ហើយ​ទំនៀមទម្លាប់​ខ្មែរ​យើង​ទទួលបាន​តាំងពី​សម័យ​នោះ​រហូត​ដល់​សព្វថ្ងៃនេះ​។

​ទីកន្លែង​រូបសំណាក​ព្រះថោង​នាងនាគ បាន​ក្លាយជា​ចំណាប់​អារម្មណ៍​ពី​សំណាក​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​មក​ទស្សនា​កម្សាន្ត​ដោយ​ពេល​ខ្លះ​មាន​អ្នកទស្សនា​រៀន​ធ្វើ​ត្រាប់​តាម​រូបសំណាក​ព្រះថោង​នាងនាគ​ដោយ​មាន​បុរស​ដើរ​ពី​ក្រោយ​តោង​ស្បៃ​ស្ត្រី​ធ្វើឱ្យ​ផ្ទុះសំណើច​ក្អាកក្អាយ​ក្រៃ​លែង​នៅ​ពេល​ដែល​ធ្វើ​ត្រាប់​តាម​ទោះ​ខុស​ឬ​ត្រូវ​ក៏​ធ្វើឱ្យ​ចិត្ត​រីករាយ​សប្បាយ​ផងដែរ​។ បើ​សង្កេតមើល​រូបសំណាក​ព្រះថោង​នាងនាគ ក្នុង​គ្រា​ថ្ងៃ​លិច ឬ​ក្នុង​គ្រា​ចុះ​អ័ព្ទ​យើង​ឃើញ​រូប​នេះ​ហាក់​អណ្តែត​ចុះ​ទៅ​មាត់សមុទ្រ​ដូច​ទេព​និមិ្មត​៕ វ៉ាត​.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com