ក្រៅពីមុខរបរធ្វើស្រែចម្ការកសិករយើងបានចាប់យកមុខរបរមួយទៀតគឺការចិញ្ចឹមគោតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដែលជាមុខរបរធ្វើឱ្យគ្រួសារមានជីវភាពធូរធារពីមួយឆ្នាំទៅមួយឆ្នាំ។
តាមរយៈតួលេខសរុបប្រចាំឆមាសរបស់កសិករស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានចំនួន១៦៩១១ក្បាល។ នេះជាការអះអាងបញ្ជាក់បន្ថែមរបស់លោកស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មារបានឱ្យដឹងទៀតថា កសិករប្រមាណ៧០ភាគរយជាអ្នកចិញ្ចឹមគោហើយក្នុងមួយឆ្នាំមានវិធានការណ៍ចាក់វ៉ាក់សាំងគោជូនប្រជាពលរដ្ឋចំនួន២ដង។ លោក ស៊ុំ រ៉ា បន្តទៀតថា កសិករយើងខ្លះចិញ្ចឹមគោពី៤ទៅ១០ក្បាល ហើយលក់ចេញក្នុងមួយឆ្នាំ ពី៣ទៅ៤ក្បាលក្នុងតម្លៃមួយក្បាលចាប់ពី៨០០ដុល្លារទៅ១២០០ដុល្លារ។ ក្នុងការចិញ្ចឹមគោសម័យថ្មីនេះ កសិករយើងចិញ្ចឹមគោដោយធ្វើក្រោលដាក់ត្រឹមត្រូវមិនដូចពីសម័យឆ្នាំ១៩៧៩នោះទេ ដោយកាលនោះភាគច្រើនចិញ្ចឹមគោដោយលែងឱ្យស៊ីពាសវាលពាសកាល។ គូសបញ្ជាក់ឡើងវិញថា ក្នុងស្រុកក្រូចឆ្មារ លោក ស៊ុំ រ៉ា មានប្រសាសន៍ថាមានផ្ទៃដាំដុះស្រូវប្រាំងមានចំនួន៥៦០០ហិកតា និងស្រូវវស្សាមានចំនួន៤៥០០ហិកតា។
ដោយឡែកកសិករចិញ្ចឹមគោឈ្មោះ ភន ផៃ រស់នៅក្នុងឃុំក្រចេះក្រោម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឱ្យដឹងពីការចិញ្ចឹមគោនេះថា គ្រួសារគាត់តាំងពីឪពុកយករបរចិញ្ចឹមគោនេះតាំងពីឆ្នាំ១៩៧៩ដោយពីមុនចិញ្ចឹមគោតែ២ទៅ៣ក្បាលប៉ុណ្ណោះ តែឥឡូវជិត២០ក្បាល។ កសិកររូបនេះបន្តទៀតថា ពូជគោដែលចិញ្ចឹមជាពូជក្នុងស្រុកដែលអាចលក់បានពីមុន១ក្បាលថ្លៃ១២០០ដុល្លារ តែមួយរយៈចុងក្រោយនេះគោនៅមានតម្លៃត្រឹមតែ៨០០ដុល្លារក្នុង១ក្បាល។ សត្វគោដែលចិញ្ចឹមលក់ចេញគឺចន្លោះពេលកូនគោផ្តាច់ដោះដោយការចិញ្ចឹមមានរយៈពេល១ឆ្នាំទើបអាចបញ្ចេញលក់។
លោក ភន ផៃ បានមានចំណាប់អារម្មណ៍ថា គ្រួសារគាត់ចិញ្ចឹមគោតកូនតចៅក៏ដោយសារយល់ឃើញថាការចិញ្ចឹមគោមានភាពងាយស្រួលចំណេញទាំងថវិកា និងពេលវេលាការងារមិនហត់នឿយទេ គ្រាន់តែច្រូតស្មៅឱ្យវាស៊ីដាក់ក្នុងក្រោល ដោយការចិញ្ចឹមនេះប្រើពេលវេលាតែ១ឆ្នាំអាចរកចំណូលចូលវិញបានច្រើន៕ មី វ៉ាត.