ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់មន្ត្រីមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឱ្យបន្តពង្រឹងកិច្ចសហការគ្នាឱ្យកាន់តែល្អន្ថែមទៀត ដើម្បីជំរុញប្រសិទ្ធភាពការងារនៃការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែបានល្អថែមទៀត។ ការក្រើនរម្លឹករបស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងត្រួតពិនិត្យការងារប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយបន្តចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត លុបបំបាត់នូវព័ត៌មានក្លែងក្លាយ ដូច្នេះមន្ត្រីព័ត៌មានទាំងអស់ត្រូវបង្កើនការយល់ដឹងបន្ថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវ។ ឯកឧត្តម ក៏បានជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបន្តចូលរួមផ្សព្វផ្សាយនូវព័ត៌មានឱ្យបានទូលំទូលាយ ត្រូវបង្កើនការយកចិត្តទុកដាក់ការសរសេរផ្សព្វផ្សាយពីគោលជំហររបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តស្រុក ក្រុង ពីសមិទ្ធផលស្នាដៃនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលបច្ចុប្បន្នទៅកាន់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារទៅតាមតួនាទី ជំនាញ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួង និងអាជ្ញាធរខេត្ត បានប្រគល់ឱ្យក្នុងការបម្រើផលប្រយោជន៍សង្គមជាតិ និងបម្រើប្រជាពលរដ្ឋជាសំខាន់នោះ។
ឯកឧត្តម សេក សុខុម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យបានឱ្យដឹងថាក្នុងឆមាសទី១ ឆ្នាំ២០២២នេះ អង្គភាពមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានខិតខំយកចិត្តទុកដាក់បំពេញការងារទៅតាមតួនាទីជំនាញប្រមូល ព័ត៌មានពីមូលដ្ឋាន និងផលិតព័ត៌មានដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ចំនួន៤២៥អត្ថបទ តាមវិទ្យុបាន១២៨អត្ថបទ និងបញ្ជូនយកទៅផ្សព្វផ្សាយនៅទូរទស្សន៍ និងវិទ្យុជាច្រើនទៀតបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋ៕