ភ្នំពេញ ៖ ដំណាំរួមផ្សំទាំងអស់មាន ម្រុំម ស្លឹកម្កាក់ ផ្កាម្លិះ ចេក ត្របែក និងមៀន ជាដំណាំយុទ្ធសាស្ត្រារបស់ប្រជាកសិករយើងក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានកកើតឡើងតាំងពីឆ្នាំ១៩៧៩ មក ហើយបានវិវឌ្ឍន៍មកដល់បច្ចុប្បន្នដែលអាចទទួលបានចំណូលជាប្រចាំថ្ងៃ ។
បើតាមការផ្តល់សម្ភាសន៍ពីលោក ប៉ាក់ មេភូមិកោះក្របីបាននិយាយថា ក្នុងភូមិកោះក្របីនេះមានដាំដំណាំសព្វសារពើ ដែលប្រជាកសិករយើងបានដាំចំនួន ២០% នៅក្នុងចំណោម ៤០គ្រួសារ ។
បងស្រី សុគន្ធ ជាកសិករមានបទពិសោធន៍យូឆ្នាំមកហើយ ដែលបានដាំម្កាក់ ម្រុំម និងមៀន បាននិយាយថា ក្នុងមុខរបរដាំដំណាំទាំងនេះ នៅក្នុងផ្ទៃដីម្ខាងក្បាលទទឹង ១០ម៉ែត្រ បណ្តោយជាង ១០០ម៉ែត្រ ដោយដាំម្កាក់យកផលស្លឹកដែលមានចំនួនជាង ៧០ដើម និងដីម្ខាងទៀតក្បាលទទឹង ១០ម៉ែត្រ បណ្តោយជាង ១០០ម៉ែត្រ ដូចគ្នា ដាំម្រុំម ដោយក្នុងនោះមានដាំដើមមៀនផងដែរ ។
បងស្រី សុគន្ធ បន្តថា ចំពោះស្លឹកម្កាក់អាចលក់បានក្នុងមួយគីឡូ ២០០០រៀល ក្នុងឆ្នាំកន្លងទៅតែមកដល់ឆ្នាំ២០១៩នេះ ស្លឹមម្កាក់លក់បានតែ ១០០០រៀលតែប៉ុណ្ណោះ ។
បងស្រី សុគន្ធ បានប្រៀបធៀបពីដើមម្កាក់ទៅនឹងម្រុំមថា ដើមម្កាក់អាចមិនជាំទឹក រងធន់ទ្រាំទៅនឹងទឹកជំនន់បាន ចំណែកឯម្រុំមជាំទឹកច្រើន តែចំពោះម្រុំមអាចបានថ្លៃជាងម្កាក់ក្នុងមួយគីឡូ ៣០០០រៀល ។
បងស្រី សុគន្ធ មានគំនិតចង់កាត់ដើមម្កាក់ចោល ដើម្បីទុកមៀន ព្រោះបើទុកដើមទាំងពីរទៅមិនអាចផ្លែផ្កាបានឡើយចំពោះមៀន តែបើទុកមៀនមានតម្លៃច្រើនជាងម្កាក់។
បើនិយាយទៅដល់ចំណូលលក់ចេញផលិតផលទាំងនេះ បងស្រីសុគន្ធថា ការលក់ចេញបន្លែទាំងនេះមិនចាំរាប់រៀបបានទេ ព្រោះចាយវាយជាប្រចាំថ្ងៃ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់បងស្រី សុគន្ធ មុខរបរដាំម្កាក់និងម្រុំមនេះ អាចរកចំណូលបានប្រមាណជាង ២០០០ដុល្លារក្នុងមួយឆ្នាំ ក្នុងទំហំផ្ទៃដីដូចខាងលើ។ កញ្ញា វ៉ាត